(ភ្នំពេញ)៖ សករាជនេះគឺឆ្នាំ២០១៨ បើនិយាយពីពិធីបុណ្យដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ឆ្នាំសកល ដែលមនុស្សម្នាលើភពផែនដីសាទរដ៏រីករាយនេះ គឺជាការរំឭកដល់សាស្រ្តាម្នាក់ឈ្មោះហ្ស៊េហ្ស៊ុយ គ្រឹស្ដដែលបានបង្កើតលទ្ធិមួយហៅថា «សាសនាគ្រឹស្ដ» ជាឆ្នាំដែលពួកគ្រឹស្ដសាសនិកប្រើដើម្បីកំណត់ពេលរបស់ពួកគេសរសេរអក្សរកាត់ថា គ.ស. ដោយកំណត់យកព្រះយេស៊ូ ប្រសូត្រជាឆ្នាំទី១ ពោលគឺឆ្នាំ៥៤៤ ក្រោយពុទ្ធសករាជ។ ហេតុអ្វីបានខ្មែរប្រើថ្ងៃ ខែ ឆ្នាំ ជាគ្រឹស្ដសករាជ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីមូលហេតុខ្មែរប្រើថ្ងៃ ខែ ឆ្នាំ ជាគ្រឹស្ដសករាជ? ព្រោះថាចាប់ពីសម័យព្រះអង្គឌូង ពិសេសឆ្នាំ១៨៦៣ ដល់ ១៩៥៣ ប្រទេសខ្មែរយើងស្ថិតក្រោមការត្រួតត្រាបារំាងសែសទំាងស្រុង បើគិតពីរយៈពេលប្រមាណជិត១០០ឆ្នាំ។ ហើយក្នុងកាលៈទេសៈនោះ ក៏មានមូលហេតុចម្បងៗផងដែរជាអាទិ៍៖
ទីមួយ៖ បារំាង បានបង្កើតសាលារដ្ឋជំនួសសាលាវត្ដ ហើយរាល់ការសិក្សាគ្រប់មុខវិជ្ជាភាគច្រើនសុទ្ធតែភាសាបារំាងជាយាន ជាហេតុនំាឲ្យគ.ស.ជ្រាបក្នុងស្រទាប់អ្នកសិក្សាខ្មែរ។
ទីពីរ៖ រាល់អ្នករាជការខ្មែរ បានតម្រូវឲ្យសិក្សាភាសាបារំាងដើម្បីទំនាក់ទំនងការងារនឹងបារំាង ហើយរាល់លិខិតរដ្ឋបាល ឬសំបុត្រស្នាមផ្សេងៗ ក៏តម្រូវឲ្យសរសេរជាភាសាបារំាងផងដែរ។
ទីបី៖ ទំាងខ្មែរទំាងបារំាង នឹងបណ្ដាប្រទេសក្រោមអាណានិគមបារំាងទំាងអស់ គឺត្រូវប្រើប្រាស់ភាសាបារំាងតែមួយ សម្រាប់ទំនាក់ទំនងជាផ្លូវការ។ ដោយហេតុនេះ បានជារាល់លិខិតស្នាមនានា សុទ្ធតែចុះកាលបរិច្ឆេទជា គ.ស.ទំាងអស់។ បើដូច្នេះដោយឈរលើកត្ដាទំាងនេះហើយ ទើបបណ្ដាឲ្យគ្រឹស្ដសករាជអាចបញ្ជៀបខ្លួនចូលក្នុងសង្គមខ្មែរ បានយ៉ាងងាយនោះ។
ត្រង់ចំណុចផងដែរនេះ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើទោះជាយ៉ាងនេះក្ដីក៏ខ្មែរមិនដែលហៅថាគ.ស.នោះទេ គឺតែងហៅថា «ឆ្នំាបារំាង»។ រីឯរាល់ការកំណត់ពេលក្នុងការប្រើប្រាស់ថ្ងៃ ខែ ឆ្នាំនេះទៀតសោត ក៏ខ្មែររក្សាសរសេរជាលេខ ឬអក្សរខ្មែរដដែរ។ ជាក់ស្ដែងយើងឃើញទេ ! គឺរហូតមកដល់សព្វថ្ងៃ រាល់សំណង់សាសនានៅភ្នំព្រះរាជទ្រព្យ វត្ដអារាម ព្រះវិហារ ចេតីយ៍ និងរាល់សំណង់ផ្សេងៗនៅទូទំាងប្រទេស យើងប្រើកាលបរិច្ឆេទមហាសករាជ ចុល្លសករាជ ពុទ្ធសករាជ និងគ.ស.រួមគ្នា ។
ត្រង់ចំណុចនេះ បានន័យថា ខ្មែរពុំដែលបំភ្លេចនូវអ្វីដែលមានពីមុនមក ហើយឈោងចាប់អ្វីដែលថ្មីទំាងស្រុងនេះទេ។ និយាយម្យ៉ាងទៀតក្នុងសង្គមខ្មែរ បើទោះបីមើលទៅហាក់ដូចយើងកើត ក្នុងគ្រឹស្ដសករាជ និងជឿព្រះពុទ្ធសាសនា ក្នុងន័យយើងម្នាក់ៗកើតមកចុះសំបុត្រកំណើតថ្ងៃ ខែ ឆ្នាំជាគ្រឹស្ដសករាជជាផ្លូវការក៏ដោយចុះ។ តែនេះបង្ហាញទៅវិញទេថា «ខ្មែរជាជាតិសាសន៍មួយ ពូកែសំយោគជំនឿសាសនា ដោយច្បិចចំណុចតូចមួយនូវអ្វីដែលសមស្របដល់ខឿនអារ្យធម៌ជាតិ ដើម្បីភាពសុខសាន្ដក្នុងសង្គម» តែប៉ុណ្ណោះ ។
បើថ្លែងពីទស្សនវិជ្ជាសាសនាវិញបានសេចក្ដីថា«ខ្មែរជាជាតិសាសន៍មួយ ពូកែសំយោគប្រព័ន្ធជំនឿសាសនាបំផុតក្នុងពិភពលោក ដើម្បីភាពសុខដុមរមនាសង្គម»។ ជាក់ស្ដែងថ្មីៗនេះទៀតចំពោះមរតកដ៏ប្រពៃថ្លៃថ្លានេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសឲ្យប្រើថ្ងៃ ខែ ឆ្នំា ក្នុងឯកសារនានាជាពុទ្ធសករាជផង និងគ.សផងនេះឯង៕