(ភ្នំពេញ)៖ ឆ្នាំ២០១៧ ដែលកន្លងផុតនាពេលប៉ុន្មានម៉ោងខាងមុខនេះ គឺជាឆ្នាំមួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធនាការថ្មីចុះជួបកម្មករ និយោជិតតាមរោងចក្រ បន្ថែមពីការងារចុះជួបកសិករ និងសិស្សានុសិស្សតាមទីជនបទទូទាំងប្រទេស។
ការផ្តើមយុទ្ធនាការជួបជាមួយកម្មករ និយោជិត គឺឈរលើគោលដៅចម្បងសំខាន់ៗចំនួន៣រួមមាន៖ ស្វែងយល់ពីសុខទុក្ខរបស់កម្មករ និយោជិត ដោះស្រាយបញ្ហាជួបប្រទះ និងប្រឈម ជាពិសេសជំរុញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។
សម្តេចតេជោ ហ៊ុន សែន បានជ្រើសយក៣ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីចុះជួបដោយផ្ទាល់ជាមួយបងប្អូនកម្មករ និយោជិត។ ក្នុងនោះថ្ងៃអាទិត្យ សម្តេចនាយករដ្ឋមន្ត្រី ត្រូវជួបជាមួយតំណាងកម្មករ និយោជិត ប្រធានក្រុម ប្រធានផ្នែក និងរដ្ឋបាលរោងចក្រផងដែរនៅមជ្ឈមណ្ឌលកោះពេជ្រ, ថ្ងៃអង្គារ សម្តេចត្រូវចុះជួបសួរសុខទុក្ខកម្មករ និយោជិតដល់ក្នុងរោងចក្រ ហើយថ្ងៃពុធ គឺជាវេទិកាជួបសំណេះសំណាលដោយផ្ទាល់រវាងសម្តេច និងបងប្អូនកម្មករ កម្មការិនី។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាក្រសួងសាមីរៀបចំវេទិកាសំណេះសំណាលនេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ សម្ដេចតេជោ បានជួបជាមួយកម្មករ និយោជិតបានចំនួន ២៥លើក ដែលមានចំនួនសរុប ២៧ម៉ឺន ៩ពាន់ ៥៤នាក់ ក្នុងនោះជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្ដារោងចក្រនានា ចំនួន ៩លើក ស្មើរនឹង ៤ម៉ឺន ៧៧១នាក់ មកពីរោងចក្រចំនួន ៦៦៣ និងបានជួបកម្មករនិយោជិតចំនួន ១៦លើក ស្មើនឹង ២៧៤រោងចក្រ ដែលមានកម្មករនិយោជិត ចំនួន ២៣ម៉ឺន ៨ពាន់ ២៨៣នាក់ និងបានអញ្ជើញជួបបងប្អូនកម្មករ និយោជិតផ្ទាល់តាមរោងចក្រចំនួន១០ មានកម្មករនិយោជិតចំនួន ២ម៉ឺន ១ពាន់ ៦៥១នាក់។
ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេ ក៏បានព្យាយាមថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាអនុស្សាវរីយ៍។ ក្រុមកម្មករ កម្មការិនី បានហៅដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបពួកគេដោយផ្ទាល់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមកម្មករ កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សាភ្ជាប់សុខទុក្ខរបស់ ប្រជាពលរដ្ឋជាមួយ រូបសម្តេច។ កម្មករ កម្មការិនី មានជំនឿចិត្តថា តាមរយៈដំណើរចុះដោយផ្ទាល់របស់សម្តេចទៅតាមរោងចក្រ នឹងធ្វើឲ្យវិស័យកាត់ដេរ និងជីវភាពរបស់កម្មករ កម្មការិនីផងដែរ នឹងកាន់តែល្អប្រសើរ។
តាមរយៈជំនួបដោយផ្ទាល់ជាបន្តបន្ទាប់នេះសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ បានសម្រេចផ្តល់ជាកញ្ចប់អត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករ និយោជិត ដែលរួមមានដូចជា៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* ជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារនៅឆ្នាំ២០១៨។
* ហាមមិនឲ្យមានការដំឡើងថ្លៃឈ្នួលផ្ទះ ឬ បន្ទប់ នៅក្នុងឆ្នាំ២០១៨។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត៕