(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៧នេះ កម្ពុជាបានកើតមាននូវព្រឹត្តិការណ៍នយោបាយសំខាន់ធំៗមួយចំនួន គួរឱ្យកត់សម្គាល់។ ព្រឹត្តិការណ៍នយោបាយខ្មែរ មិនត្រូវចាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ កាលពីអំឡុងដើមឆ្នាំនេះប៉ុន្តែចាប់ពីខែកញ្ញា ឆ្នាំ២០១៧មក ពោលគឺចាប់ពីពេលសមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យធ្លាយគម្រោងឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរាជរដ្ឋាភិបាលកម្ពុជា និងការរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃ១៦ វិច្ឆិកា ឆ្នាំ២០១៧នោះ ស្ថានភាពនយោបាយខ្មែរចាប់ផ្តើមប្រែប្រួលមានការដាក់សម្ពាធ និងគំរាមកំហែងជាបន្តបន្ទាប់ពីបច្ចិមប្រទេស ដោយទាមទារឱ្យកូនអុករបស់ពួកគេរស់ឡើងវិញ។
ព្រឹត្តិការណ៍នយោបាយសំខាន់ៗដែលត្រូវបានចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ២០១៧នេះ រួមមាន៖
១៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅខែមិថុនា ដែលទទួលការសាទរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ»៖
ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណតិ្តទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយនយោបាយចំនួន១២ចូលរួម។ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានចេញផ្សាយដោយ គ.ជ.ប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩ ហើយគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំផងដែរ។ សហគមន៍អន្តរជាតិនានា បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ថាមានភាពប្រសើរឡើង និងត្រឹមត្រូវ។
២៖ «ការដោះលែងលោក ហុង សុខហួរ និងមន្រ្តីសង្គមស៊ីវិល៥នាក់»
លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានត្រូវបានតុលាការដោះលែង ចេញពីពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីព្រះមហាក្សត្រ ចញព្រះរាជក្រឹត្យលើកលែងទោស។ អ្នកនយោបាយវ័យ៥៩ឆ្នាំ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ លោកត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន នាវេលាព្រឹកព្រហាមថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០១៥ ។
មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ ក្នុងនោះមាន លោក នី សុខា, លោក យី សុខសាន្ត , លោក ណៃ វង់ដា , លោកស្រី លឹម មុន្នី និង លោក នី ចរិយា ដែលជាប់ចោទពាក់ព័ន្ធនឹង អំពើសូកប៉ាន់សាក្សី ត្រូវបានដោះលែងតុលាការដោះលែង នៅព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ អ្នកទាំង៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៦ ដោយចោទថា បានសូកប៉ាន់លើស្រីមុំ ដែលត្រូវបានអះអាងថា ជាស្រីកំណាន់របស់ លោក កឹម សុខា កុំឱ្យនិយាយការពិតអំពីរឿងសញ្ចារកម្មជាមួយ លោក កឹម សុខា។
៣៖ «អ្នកវិភាគ និងប្រធានគណបក្សនយោបាយចំនួន៣រូប ត្រូវបានចាប់ខ្លួន ដោយបទល្មើសផ្សេងៗគ្នា»
នៅក្នុងខែសីហា ឆ្នាំ២០១៧ ប្រធានគណបក្សនយោបាយ២រូបត្រូវបានចាប់ខ្លួន ដោយបទល្មើសផ្សេងៗគ្នា ក្នុងនោះមាន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ សីហា ឆ្នាំ២០១៧ ដោយចោទថា ពាក់ព័ន្ធការផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយឡែក លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្រោយសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ដែលសមត្ថកិច្ចចាត់ទុកថា «ញុះញង់ដល់កម្លាំងកងទ័ព មិនឲ្យស្តាប់បទបញ្ជា ដែលធ្វើឲ្យប៉ះពាល់ដល់ កិច្ចការការពារជាតិ»។ តុលាការបានកាត់ទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។
ដោយឡែក លោក គឹម សុខ អ្នកវិភាគ និងជាអ្នកតាមដានសង្គម ត្រូវបានតុលាការចាប់ខ្លួន នៅរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៧ នៅពេលដែល លោកចូលបំភ្លឺជូនតុលាការ ជុំវិញបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយពេលអ្នកវិភាគរូបនេះ បានលើកឡើងថា សម្តេចជាអ្នកនៅពីក្រោយខ្នង នៃការស្លាប់របស់ លោកបណ្ឌិត កែម ឡី។ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ។
៤៖ «យុទ្ធនាការ៣ថ្ងៃ ក្នុង១សប្តាហ៍របស់សម្តេចតេជោ ហ៊ុន សែន»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការចុះជួបកម្មករ យ៉ាងសកម្មបំផុតរៀងរាល់សប្តាហ៍។ យុទ្ធនាការនេះ បានដាក់ចេញកាល ពីខែសីហា ឆ្នាំ២០១៧ ដោយជួបកម្មករតាមរោងចក្ររៀងរាល់ថ្ងៃពុធ និងជួបតំណាងកម្មករនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរៀងរាល់ថ្ងៃអាទិត្យ។ យុទ្ធនាការនេះដំបូងឡើយកំណត់តែ២ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍ ប៉ុន្តែរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានបង្កើនការជួបសំណេះសំណាលនេះ ដល់ទៅ៣ដងក្នុង១សប្តាហ៍ ដោយរើសយកថ្ងៃអង្គារមួយទៀត។ តាមរយៈយុទ្ធនាការនេះកម្មករជាច្រើនបានទទួល អត្ថប្រយោជន៍ផ្សេងៗ ដូចជា ការទទួលបានប្រាក់សោធនិវត្តនៅឆ្នាំ២០១៩, របបថែទាំងសុខភាព, របបគ្រោះថ្នាក់ការងារ ការជិះរថយន្តក្រុង សាធារណៈ ដោយមិនគិតថ្លៃ, ការមិនអនុញ្ញាតឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ យុទ្ធនាការនេះក៏ជាការពន្យល់ដល់កម្មករ កុំឱ្យជ្រុលខ្លួនតាមការអូសទាញ របស់អ្នកនយោបាយ ដែលធ្វើឱ្យខាតប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍ជាតិផងដែរ។
៥៖ «ការបិទអង្គការ និងប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់»៖
* ការបិទវិទ្យាស្ថានជាតិ ដើម្បីប្រជាធិបតេយ្យ (NDI)
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានសម្រេចបិទវិទ្យាស្ថានជាតិ ដើម្បីប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសវិទ្យាស្ថាននេះចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ ការសម្រេចបិទវិទ្យាស្ថាន NDI ដែលស្ថិតនៅក្នុងស្ថានទូតអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានរកឃើញថា វិទ្យាស្ថាននេះ ពុំបានអនុវត្តច្បាប់ស្តីពី អង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធ។ ជាមួយគ្នានេះ ក៏មានព័ត៌មានខ្លះទៀត បានអះអាងថា វិទ្យាស្ថាននេះមានភាពលម្អៀង ហើយផ្តល់ហិរញ្ញវត្ថុ ក៏ដូចជាបណ្តុះបណ្តាល ដល់គណបក្សសង្រ្គោះជាតិ ក្នុងគោលផ្តួលរំលំរាជរដ្ឋាភិបាល។
* ការដកខ្លួនរបស់កាសែតខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី
កាសែត Cambodia Daily ដែលបានជំពាក់ពន្ធលើដំណើការរបស់ខ្លួន ជាង៦លានដុល្លារអាមេរិក បានប្រកាសបិទការចេញផ្សាយរបស់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ ក្រោយបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជាមកនេះ។
ដោយឡែក វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ហើយបែងចែកឲ្យបុគ្គលិករបស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួន ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ក្រោយពេលប្រកាសបិទបែបនោះ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្ដីជូនដំណឹង ដោយប្រកាសថា អង្គភាពសារព័ត៌មានទាំងពីរនេះ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជា ដោយឯកតោភាគី។ ក្រសួងនឹងមិនផ្ដល់ប័ណ្ណសារព័ត៌មានជូនអ្នកកាសែតទៀតនោះឡើយ។
៦៖ «ការចាប់ខ្លួន លោក កឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិ»៖
* លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរំលងអាធាត្រ ឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយដោយលោកសារភាពថា លោកបានអនុវត្តតាមការបង្គាប់ បញ្ជារបស់សហរដ្ឋអាមេរិក ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែមបី។ រដ្ឋាភិបាលបានចាត់ទុកថា ទង្វើនេះគឺជាអំពើក្បត់ជាតិ ដែលឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោក កឹម សុខា ត្រូវបានតុលាការចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ហើយបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
រហូតដល់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលកម្ពុជា បានចេញសេចក្តីសម្រេច រំលាយគណបក្សសង្រ្គោះជាតិ ព្រមទាំងហាមឃាត់មន្រ្តីគណបក្សសង្រ្គោះជាតិចំនួន ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ បន្ទាប់ពីមានបណ្តឹងពីក្រសួងមហាផ្ទៃ ដែលសំអាងលើបណ្តឹង គណបក្សនយោបាយចំនួន២ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា គណបក្សសង្រ្គោះជាតិ មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយក៏ធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួន លោក កឹម សុខា
សំណុំរឿងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានតុលាការបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្តេចតេជោ ៤ពាន់លានរៀល ស្មើប្រមាណ ១លានដុល្លារ និងពិន័យចូលរដ្ឋប្រមាណ១០លានរៀល។ សូមរំលឹកថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
៧៖ «ការរៀបចំរចនាសម្ព័ន្ធរដ្ឋសភាវិញ»៖
* ក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ រចនាសម្ព័ន្ធរដ្ឋសភាបានបាត់បង់អស់មួយផ្នែកទៀត បន្ថែមលើរចនាសម្ព័ន្ធចាស់ដែលបានខ្វះចន្លោះ នូវតំណែងអនុប្រធានទី១ នៃរដ្ឋសភា រយៈពេលជាង២ឆ្នាំ ក្រោយពលរដ្ឋសភាដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១នេះ។ តំណែងក្នុងរដ្ឋសភា ដែលខ្វះចន្លោះនោះ រួមមានតំណែងប្រធានគណៈកម្មការចំនួន៥ អនុប្រធាន គណៈកម្មការចំនួន៥ ដែលត្រូវបានផ្តល់តាមរយៈកូតាជូនគណបក្សសង្រ្គោះជាតិ ក្រោយកិច្ចព្រមព្រៀងនយោបាយឆ្នាំ២០១៤។ ប៉ុន្តែក្រោយមកពោល គឺបន្ទាប់ពីរដ្ឋសភា មានតំណាងរាស្រ្តថ្មី៥៥រូប ដែលជំនួសតំណែងតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលបាត់បង់តំណែងនោះ រដ្ឋសភាក៏បានរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនពេញលេញឡើងវិញ។ តំណែងសំខាន់ៗដែលខ្វះចន្លោះ ត្រូវបានជំនួសមកវិញដោយតំណាងរាស្រ្តមកពីគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងនោះអនុប្រធានទី១ នៃរដ្ឋសភា ក៏បានប្រគល់ជូន លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។
៨៖ «សម្ពាធ និងការជ្រៀតជ្រែកពីបច្ចិមប្រទេសមកលើកម្ពុជា និងការគាំទ្របស់ចិន នាចុងឆ្នាំ»
ក្រោយរំលាយគណបក្សសង្គ្រោះជាតិ ពោលគឺក្រោយថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបានរងនូវសម្ពាធខ្លះពីបណ្តាប្រទេសមួយចំនួន ជាពិសេស សហរដ្ឋអាមេរិក ប៉ុន្តែសម្ពាធទាំងនេះពុំបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជាទេ។ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការ ដល់មន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស និងមន្រ្តីកម្ពុជាមួយចំនួន ដោយចោទថា ធ្វើឱ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែវិធានការផ្សេងៗទៀត មិនទាន់មាននៅឡើយទេ ឯកម្ពុជា ក៏បានប្រកាសលែងសហការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានខ្លួនសម័យសង្គ្រាមវិញផងដែរ។ ដោយឡែកសហគមន៍អឺរ៉ុប បានប្រកាសផ្តាច់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាមួយគ្នាននេះក្រុមអ្នកនយោបាយប្រឆាំង ធ្វើសកម្មភាពជាបន្តបន្ទាប់ ជំរុញឱ្យអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា តាមរយៈការបិទការនាំចូលពីកម្ពុជាទៅកាន់អឺរ៉ុប និងការលែងអនុគ្រោះពន្ធ ដើម្បីធ្វើយ៉ាងណាឱ្យអតីតគណបក្សសង្រ្គោះជាតិរស់ឡើងវិញ ហើយឱ្យមានការដោះលែង លោក កឹម សុខា ប៉ុន្តែសហគមន៍អឺរ៉ុបមិនទាន់មានវិធានការណាមួយតាមក្រុមអ្នកនយោបាយទាំងនោះនៅឡើយទេ គ្រាន់តែចេញជាសេចក្តីអំនាវនាវប៉ុណ្ណោះ។ អ្នកសេដ្ឋកិច្ច និងអ្នកនយោបាយជាច្រើនសុទ្ធតែយល់ថា ទណ្ឌកម្មសេដ្ឋកិច្ចបែបនោះ នឹងមិនអាចទៅរួចទេ ហើយអ្នកនយោបាយដែលជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា នឹងបរាជ័យ ហើយទទួលបានការថ្កោលទោសពីកម្មករ។
យ៉ាងណាក៏ដោយ ក្នុងស្ថានការណ៍នោះ សម្រាប់មហាយក្សចិនឯនោះវិញ បានប្រកាសជាបន្តបន្ទាប់ថា គាំទ្រដល់វិធានការនានារបស់កម្ពុជា។ បន្ថែមពីនេះចិនក៏បានប្រកាសចូលខ្លួនផ្តល់ជំនួយ គ្រប់បែបយ៉ាងសម្រាប់ការរៀបចំការបោះឆ្នោតនៅកម្ពុជាផងដែរ៕