(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមចោរឆក់ស្ទើរភ្លើង២នាក់ ក្រោយឆកទូរស័ព្ទពីស្ដ្រីម្នាក់មិនបានសម្រេច នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ ចំណុចផ្ទះ៣១៨ ផ្លូវព្រះមុន្នីវង្ស ក្រុមទី៤៦ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក ជាវ វិបុល បានប្រាប់ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះថា ជនសង្ស័យចំនួន០២នាក់ ប្រើប្រាស់ម៉ូតូ០១រឿង ម៉ាក C125 ពណ៌ខ្មៅមួយគ្រឿង គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះមិនបានសម្រេច នៅចំណុចខាងលើ។
បើតាមលោកនាយការិយាល័យ ក្រោយពីកើតហេតុភ្លាមៗ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងតែល្បាតលើដងផ្លូវឃើញជនរងគ្រោះ ស្រែកចោរឆក់ ពេលនោះកម្លាំងសមត្ថកិច្ចបានដេញរហូតដល់ចំណុចខាងលើ ជនសង្ស័យទាំងពីរបានដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋព្រួតវ៉ាយ ហើយសមត្ថកិច្ចបានចូលទៅអន្តរាគមន៍ ហើយបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ។
លោកវរសេនីយ៍ឯក បញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ ទី១៖ឈ្មោះ ខេត វណឌី ហៅអាកណ្តុល អាយុ១៩ឆ្នាំ ជាងបិតតែមម៉តូនៅម្តុំអូឬស្សី ធ្លាប់ជាប់ពន្ធនាគារម១ ពីបទក្មេងទំនើង (កាប់គ្នាជាប់ពន្ធនាគារឆ្នាំ ២០១៣ ចេញឆ្នាំ២០១៥) និងធ្លាប់ធ្វើសកម្មភាពឆក់០១លើកទៀត និងទី២៖ឈ្មោះ ចាន់ រង្សី អាយុ១៤ឆ្នាំ សិស្សសាលាវិទ្យាល័យសំរោងអណ្តែត ទើបតែធ្វើសកម្មភាពលើកទី១ តែមិនបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងដោយអនុវត្តបទបញ្ជា របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងដឹកនាំអនុវត្តផ្ទាល់ពី ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕