(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀនបាន៥នាក់ជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតនៅក្រុម១៧ ភូមិ០២ សង្កាត់២ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះថា ជំហ៊ានដំបូង កម្លាំងជំនាញបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២ ឈ្មោះ សុខ ម៉ាប់ អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ដកហូតថ្នាំញៀនចំនួន០៣កញ្ចប់ ទូរស័ព្ទ០១គ្រឿង និងជនសង្ស័យឈ្មោះ គង់ សុភាព អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង ដកហូតបានម្សៅក្រាមពណ៍សថ្លា១០កញ្ចប់ ទូរស័ព្ទ០១គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតដល់ម៉ោង០៨៖៣០នាទី ឈ្មោះ សុខ ម៉ាប់ និងឈ្មោះ គង់ សុភាព បានសហការជាមួយកម្លាំងសមត្ថកិច្ច បានបន្តទៅឃាត់ខ្លួនមុខសញ្ញា០២នាក់ទៀត ដែលជាអ្នកយកថ្នាំញៀនមកឲ្យដែលមានឈ្មោះ ណែម តុលា អាយុ១៦ឆ្នាំ ដកហូតបានថ្នាំញៀនចំនួន០១កញ្ចប់ និងម្នាក់ទៀតឈ្មោះ វង្ស ស៊ីណែត អាយុ១៧ឆ្នាំ ដកហូតទូរស័ព្ទ០១គ្រឿង។
ក្រោយមកលុះដល់ម៉ោង០៩៖៣០នាទី ឈ្មោះ ណែម តុលា និងឈ្មោះ វង្ស ស៊ីណែត បានសហការជាមួយសមត្ថកិច្ច ដើម្បីបន្តទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀត ដែលមានឈ្មោះ ប្រាក់ វណ្ណៈ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕