(ភ្នំពេញ)៖ ឆ្នាំថ្មី ឆ្នាំសកល ២០១៨នេះ កម្មករនិយោជិតកម្ពុជា នឹងទទួលបាននូវអ្វីៗ ដែលថ្មីៗល្អប្រសើរយ៉ាងគប់ចិត្ត ពីរាជរដ្ឋាភិបាលរបស់ខ្លួន ក្រោមការគិតគូរយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាឪពុកម្ដាយដ៏ថ្លៃថ្លាប្រកបដោយព្រហ្មវិហារធម៌ សម្រាប់កម្មករ-កម្មការិនីផងដែរ។
ជាការពិតណាស់ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់នូវអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅតាមដំណាក់កាល ដល់ប្រជាពលរដ្ឋកម្មករ-កម្មការិនី ទាំងពេលកន្លងមក និងទៅថ្ងៃខាងមុខ ដើម្បីបំពេញតម្រូវការជាក់ស្ដែងក្នុងសង្គមកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនឈានឡើងលើគ្រប់វិស័យ។
អ្នកនាំពាក្យដ៏សកម្មប្រចាំក្រសួងការងារ លោក ហេង សួរ បានឲ្យដឹងថា អត្ថប្រយោជន៍ដែលកម្មករ-កម្មការិនី ទទួលបានពីរាជរដ្ឋាភិបាល ចាប់ពីឆ្នាំ២០១៨ តទៅនោះរួមមាន៖
១៖ បំណងប្រាថ្នាដ៏ធំបំផុត ជាមួយការទន្ទឹងរង់ចាំសម្រាប់ឆ្នាំថ្មី នោះគឺការទទួលបានប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ ១៧០ដុល្លារ សម្រាប់កម្មករ-កម្មការិនី ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
២៖ ការទទួលសេវាពិនិត្យសុខភាព និងព្យាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ ការទទួលបាននេះ មិនមែនសម្រាប់តែកម្មករ-កម្មការិនីនោះទេ សូម្បីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រធានភូមិ ជំនួយការភូមិ និងកីឡាករ-កីឡាការិនី ក៏ទទួលបានសេវាដ៏ចម្បងនេះដូចគ្នាដែរ។
៣៖ សម្រាប់កម្មករ-កម្មការិនី ដែលសម្រាលកូនហើយ ទទួលប្រាក់ជំនួយក្នុងអត្រា១២០ភាគរយ រយៈពេល៣ខែ ហើយអំឡុងពេលមានផ្ទៃពោះនោះ កម្មការិនីក៏ទទួលបានការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោងយ៉ាងតិច ១៥នាទី តាមការសំណូមពររបស់សម្ដេចតេជោ ហ៊ុន សែន។
៤៖ កម្មការិនីដែលបម្រើការងារទាំងក្នុង និងក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូនម្នាក់ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន ចំនួន៤០ម៉ឺនរៀល បើកូនភ្លោះ២នាក់ ទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។
៥៖ ចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលពីមុនកម្មករ-កម្មការិនីត្រូវបង់ខ្លួនឯងនោះ ចាប់ពីឆ្នាំ២០១៨ តទៅ គឺនិយោជកជាអ្នករ៉ាប់រងបង់ជំនួសវិញ ដែលត្រូវទូទាត់ជាមួយរាជរដ្ឋាភិបាល តាមរយៈការកាត់កងពន្ធ។
៦៖ អាជ្ញាធរមានភារកិច្ចចុះត្រួតពិនិត្យជាប្រចាំ នូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី ដើម្បីធានាការកាត់បន្ថយការចំណាយរបស់កម្មករ-កម្មការិនី។
៧៖ រាជរដ្ឋាភិបាល និងសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែសហការគ្នាបន្តដោះស្រាយបញ្ហាពលករ ដែលកំពុងបម្រើការងារនៅក្រៅប្រទេស។
៨៖ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនក្រុងភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ ដែលអត្ថប្រយោជន៍នេះ មិនត្រឹមតែកម្មករនិយោជិតទេ ព្រះសង្ឃ កីឡាករ-កីឡាការិនី សិស្សានុសិស្សក៏ទទួលបានសេវាដ៏សំខាន់នេះផងដែរ។
ក្រៅពីអត្ថប្រយោជន៍ទាំងនេះ កម្មករនិយោជិតក៏បាន និងកំពុងទទួលនូវអត្ថប្រយោជន៍មួយចំនួនទៀតដូចជា ការបញ្ចុះថ្លៃប្រើប្រាស់ទឹក អគ្គិសនី និងការរក្សាថ្លៃជួលផ្ទះ។ លើសពីនេះ រាជរដ្ឋាភិបាលក៏កំពុងខិតខំរៀបចំបែបបទ និងការងារពាក់ព័ន្ធ ដើម្បីដាក់ចេញរបបសោធននិវត្តន៍ជូនកម្មករ-កម្មការិនី នៅឆ្នាំ២០១៩ ខាងមុខផងដែរ។
រាជរដ្ឋាភិបាល ក៏មិនព្រងើយកន្តើយដែរ ចំពោះការងារស្វែងរក និងទំនាក់ទំនងជាមួយប្រទេស និងក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា ពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ដើម្បីឲ្យពួកគេរក្សា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា សំដៅបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនកម្មករ-កម្មការិនីកម្ពុជា៕