(ភ្នំពេញ)៖ សមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលសម្រេចបាននៅឆ្នាំ២០១៧ ក្នុងនោះរួមមានការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីៗ ការបើកផ្លូវហោះហើរថ្មីៗ ការដាក់ឲ្យប្រើប្រាស់នូវបទបញ្ញាត្តិបច្ចេកទេស ការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវអាកាស និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ខាងក្រោមនេះ ជារបាយការណ៍ព្រឹត្តិការណ៍សំខាន់ៗ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៖
១៖ ការងារដែលសម្រេចបានក្នុងវិស័យអាកាសចរស៊ីវិលក្នុងឆ្នាំ២០១៧ រួមមាន៖
* យើងបានដោះស្រាយសំនួរ និងចម្លើយរបស់អង្គការអាកាសចរស៊ីវិលអន្តជាតិ ដែលពាក់ព័ន្ធដល់កង្វល់សុវត្តិភាព និងសន្តិសុខ បានមួយចំនួនធំ ហើយនឹងកំពុងដោះស្រាយបញ្ហាដែលនៅសេសសល់
* បានប្រកាស់ដាក់ឱ្យប្រើប្រាស់នូវបទបញ្ញាត្តិបច្ចេកទេសអាទិភាពមួយចំនួនដែលពាក់ព័ន្ធក្នុងការត្រួតពិនិត្យសុវត្តិភាពហោះហើរ សុវត្តិភាពអាកាសយានដ្ឋាន និងសុវត្តិភាពសេវានាំផ្លូវអាកាស
* បន្តការចរចារបើកផ្លូវហោះហើរថ្មីៗទៀត (Air Service Agreement) ជាមួយប្រទេស ជាដៃគូនៅក្នុងតំបន់ និងនៅក្នុងពិភពលោក
* ការអភិវឌ្ឍអាកាសយានដ្ឋានអន្តជាតិថ្មី នៅខេត្តសៀមរាប និងនៅខេត្តកោះកុង (ដារាសាគរ) តាមរយៈការចូលរួមភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP)
* ការធ្វើទំនើបកម្ម ប្រព័ន្ធនាំផ្លូវអាកាសពី ប្រព័ន្ធ AIS ទៅប្រព័ន្ធ AIM
* ការពង្រឹងស្ថាប័ន និងធនធានមនុស្ស (បណ្តុះបណ្តាលក្នុងស្រុក CATC នឹងបណ្តុះបណ្តាលក្រៅស្រុក)
២៖ ភាពរីកចម្រើន លើវិស័យនេះបណ្តាលមកពីកត្តាជាច្រើនដូចជា៖
* ស្ថិរភាពនយោបាយ (Political Stability),
* ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពប្រសើរ (Sound macroeconomic environment),
* ជាប្រទេសទី6 ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត នៅលើពិភពលោកក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយ (អត្រាកំណើនជាមធ្យម 7%) (6th fastest growing economy in the world during the last two decades (average growth rate: 7%)
* ទីតាំងមានលក្ខណៈជាយុទ្ធសាស្ត្រ (Strategic location),
* សេដ្ឋកិច្ចបើកចំហរ (Open economy), និងការបើកចំហរជើងមេឃ (Open Sky),
* ការលើកទឹកចិត្តក្នុងការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង (Competitive investment incentives),
* មានការធានា និងគាំពារចំពោះការវិនិយោគ ដោយគ្មានការរើសអើង ដោយមិនតម្រូវឱ្យមានតូបនីយកម្ម និងមិនតម្រូវឱ្យមានការចូលរួមពីដៃគូក្នុងស្រុកឡើយ (Investment Guarantee, No discrimination, No nationalization and No requirements of local equity participation)
* ការបើកច្រកទៅកាន់ទីផ្សារ និងស្ថានភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម ((Market access and Preferential trading status)
* មានកម្លាំងពលកម្មវ័យក្មេង និងថាមវន្ត (Young and Dynamic Labor Force) ដែលជាមធ្យមមានអាយុ ២៤ ឆ្នាំ
៣៖ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុនហោះហើរ និងអ្នកដំណើរមានការកើនឡើងជាងមុនដូចជា៖
* កំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាសជាមធ្យមមាន ប្រមាណជាង ១០% សម្រាប់អ្នកដំណើរអន្តជាតិ និងប្រមាណជាង ២០% សម្រាប់អ្នកដំណើរក្នុងស្រុក
* ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចំនួន៩ ត្រូវបានបង្កើតឡើង ក្នុងនោះមាន:
- ក្រុមហ៊ុនឧទ្ធម្ភាគចក្រ ចំនួន ២ (Rotory)
- ក្រុមហ៊ុនស្លាប ចំនួន ៧ (Fixed Wing) និងមានក្រុមហ៊ុនមួយចំនួនទៀតកំពុងដាក់ពាក្យសុំស្នើសុំបង្កើត (៤ក្រុមហ៊ុន នឹងត្រូវទទួលបាន AOC នៅឆ្នាំ ២០១៨)
- ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ចំនួន៤០ (មិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាលក្ខណៈ Charter) ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា
* ថ្មីៗនេះក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏ពិសេសមួយ ក្នុងឆ្នាំនេះ ដោយ៖
- កំណើនអ្នកដំណើរកើនដល់ចំនួន៨លាននាក់ (ចេញ-ចូល) នៅអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា និង
- កំណើនការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឈានដល់ចំនួន ៦០ពាន់តោន (នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី) ។
* ចំនួនជើងហោះហើរ (Flight Movement) ជាមធ្យមនៅ៖
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួនជាមធ្យម ៥៥ជើង ក្នុងមួយថ្ងៃ ឬ ១៦៥០ជើង ក្នុងមួយខែ
- អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួនជាមធ្យម ៥៧ជើង ក្នុងមួយថ្ងៃ ឬ ១៧១០ជើង ក្នុងមួយខែ
- អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនជាមធ្យម ៨ជើង ក្នុងមួយថ្ងៃ ឬ ២៤០ជើង ក្នុងមួយខែ
- ការហោះហើរឆ្លងកាត់ដែនអាកាសកម្ពុជា (Overflight) មានចំនួនជាមធ្យម១៥៣ជើង ក្នុងមួយថ្ងៃ ឬ ៤៥៨៥ជើងក្នុងមួយខែ។
៤៖ ឥទ្ធិពលជាវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលក្នុងវិស័យអាកាសចរស៊ីវិលដែល រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទទួលបានក្នុងរយៈកាលកន្លងមកត្រូវបានឆ្លុះបញ្ចាំង៖
* តាមរយៈអាកាសចរណ៍ អតិថិជនធ្វើដំណើរទៅកាន់ទិសដៅមួយ បានផ្តល់ឱកាសដល់ការលក់ទំនិញ និងសេវាកម្មនានាបន្ថែម ហើយប្រជាជនក្រីក្រអាចក្លាយ ជាផ្នែកមួយនៃក្រុមអ្នកនាំចេញ។
* តាមរយៈអាកាសចរណ៍ ធនធានដែលបានបង្កើតឡើងត្រូវបានបែងចែកយ៉ាងឆាប់រហ័ស នៅក្នុងសកម្ម ភាពសេដ្ឋកិច្ចក្នុងស្រុកទៅគ្រប់ទីកន្លែងដល់អ្នកទេសចរ ហើយអ្នកផ្គត់ផ្គង់ក្នុងមូលដ្ឋានឱ្យមានការងារធ្វើ។
* តាមរយៈអាកាសចរណ៍ បង្កើតនូវកាលានុវត្តភាពសំខាន់ៗជាច្រើន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសង្គមមានលក្ខណៈសម្បូរបែបទៅគ្រប់តំបន់ទូទាំងប្រទេស។
* តាមរយៈអាកាសចរណ៍ បានរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ឆ្លងកាត់ពីចំណាត់ថ្នាក់នៃប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម ក្នុងអនាគតដ៏ខ្លីខាងមុខ។
៥៖ វិស័យអាកាសចរណ៍ គឺជាចលករដ៏សំខាន់ (Vital Engine) មួយក្នុងចំណោមចលករសំខាន់ៗ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច (Socio-economic growth) ក្នុងនោះវិស័យបាន៖
* បង្កើតការងារដោយផ្ទាល់ និងដោយប្រយោល មានចំនួន ១,៧លានការងារ ស្មើនឹង ២០% នៃចំនួនចំនួនប្រជាជនធ្វើការសរុបរបស់ប្រទេសកម្ពុជា
* បានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោល ស្មើនឹង ១៧% នៃ ផសស (17% of Cambodia total GDP)
* គាំទ្រ និងជម្រុញ (ធ្វើឲ្យមានកំណើន) ដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម
* គាំទ្រ និងជម្រុញដល់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងធុរកិច្ចក្នុងស្រុក។
ក្រៅពីនេះ វិស័យអាកាសចរណ៍បានធ្វើឲ្យមានការតភ្ជាប់រវាងប្រជាជននិងប្រជាជន ប្រទេសនិងប្រទេស, វប្បធម៌, ផ្តល់នូវមាត់ច្រកទៅកាន់ទីផ្សារ, ការផ្សារភ្ជាប់ ឬធ្វើឱ្យកាន់តែជិតឡើងរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍៕