(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះ បានអំពាវនាវដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចឲ្យជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបានល្អ នារាត្រីឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០១៨ ដែលនឹងត្រូវចូលមកដល់នៅយប់នេះ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើដំណើរទៅកម្សាន្តទៅតាមរមណីយដ្ឋានានា ជាពិសេស នៅឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ កំពត និងកែប សូមបើកបរគោរពច្បាប់ចរាចរណ៍ និងបើកបរដោយអធ្យាស្រ័យខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ថ្ងៃអាទិត្យទី ៣១ធ្នូ នេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៧។ នៅ ម៉ោង១២:០០ យប់នេះ ពិភពលោកនឹងអបអរសាទរឆ្នាំសកលថ្មី ២០១៨!
នៅចុងសប្តាហ៍នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាន និងកំពុងធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាននានា ជា ពិសេសគឺនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ កំពត និងកែប។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ ព្រោះមានអ្នកធ្វើដំណើរច្រើនដែលធ្វើអោយផ្លូវចង្អៀត។ សូមបន្ថយល្បឿនពេលបើកបរកាត់ទីប្រជុំជន ហើយមានការអធ្យាស្រ័យអោយគ្នាទៅវិញទៅមកពេលកំពុងបើកបរ។
សូមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយសម្រួលចរាចរណ៍ រៀបចំការពារសណ្តាប់ធ្នាប់ជូនពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិដើម្បីបានកំសាន្តសប្បាយរីករាយ នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី ២០១៨ នៅយប់នេះ។
ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន និងមានលាភសំណាងគ្រប់ៗគ្នាព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណ: សុខៈ ពល: និងបដិភាណៈកុំបីខាន»៕