នាវារុស្ស៊ីលួចផ្គត់ផ្គង់ប្រេងនៅកណ្តាលសមុទ្រតែម្តង ដើម្បីសង្គ្រោះសេដ្ឋកិច្ចកូរ៉េខាងជើង
31-12-2017 00:40
(រុស្ស៊ី)៖ នាវារុស្ស៊ី បានផ្គត់ផ្គង់ប្រេងដល់នាវាកូរ៉េខាងជើងយ៉ាងហោចណាស់បីលើកមកហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយបានលួចផ្ទេរប្រេងនៅកណ្តាលសមុទ្រតែម្តង ដើម្បីសង្គ្រោះសេដ្ឋកិច្ចរដ្ឋកុម្មុយនីសកូរ៉េខាងជើង នេះបើយោងតាមប្រភពពីមន្ត្រីសន្តិសុខជាន់ខ្ពស់អឺរ៉ុបខាងលិចពីររូប ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ការលក់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទីពីរលើពិភពលោក និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសិទ្ធវេតូលើសេចក្តីសម្រេចផ្សេងៗ ជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ការផ្ទេរប្រេងដល់កូរ៉េខាងជើង ត្រូវបានធ្វើឡើងកាលពីខែតុលា និងខែវិច្ឆិកា ដែលអាចចង្អុលបង្ហាញថា ការជួញដូរខុសច្បាប់ពីរុស្ស៊ី ទៅកូរ៉េខាងជើង តាមរយៈការផ្ទេរទំនិញលើផ្ទៃសមុទ្រ មានការកើនឡើង។ កាលពីខែកញ្ញាកន្លងទៅនេះ សារព័ត៌មាន Reuters ក៏ធ្លាប់រាយការណ៍ផងដែរថា នាវាកូរ៉េខាងជើង បានបើកចេញពីរុស្ស៊ី ឆ្ពោះទៅកាន់ប្រទេសកំណើតរបស់ខ្លួន។
មន្ត្រីសន្តិសុខជាន់ខ្ពស់អឺរ៉ុបខាងលិចបានលើកឡើងថា «នាវារុស្ស៊ី បានផ្ទេរទំនិញដល់នាវាកូរ៉េខាងជើង ដោយការបញ្ជូនប្រេងឆៅ ឬផលិតផលប្រេង ត្រូវបានធ្វើឡើងពីរបីលើករួចមកហើយ ដែលបានបំពានដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ»៕