(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ និងជំរុញដល់កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបង្កើនស្មារតីម្ចាស់ការ ឲ្យកាន់តែផុសផុលថែមទៀត សំដៅរួមសហការគ្នាបង្កើតនូវសមិទ្ធផលធំៗ និងនាំមកនូវជោគជ័យថ្មីៗ បន្ថែមទៀតជូនជាតិ និងប្រជាជន នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។

សម្តេចក្រឡាហោម ស ខេង បានកោតសសើរ និងវាយតម្លៃចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលទាំងអស់ ក្នុងបុព្វហេតុចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាពិសេសការធានាបានយ៉ាងរឹងមាំនូវឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលជាកត្តាគ្រឹះក្នុងការពង្រឹង នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមូលដ្ឋានរឹងមាំជំរុញដល់វឌ្ឍភាពសេដ្ឋកិច្ចសង្គម ឲ្យទទួលបានការរីកចម្រើនជឿនលឿនទៅមុខជាលំដាប់។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ការខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល គ្រប់លំដាប់ថ្នាក់ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវិជ្ជាជីវៈ ជាតិ និងប្រជាជន ព្រមទាំងបាននាំមកនូវជោគជ័យ និងសមិទ្ធផលធំៗ ជាច្រើនក្នុងរយៈពេលពេញមួយឆ្នាំ២០១៧នេះ៕