(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ឲ្យមានតម្លាភាព ត្រូវដោះស្រាយដោយមានភាពយុត្តិធម៌ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរគ្នានៅតាមភូមិ ឃុំ។
លោកបានបញ្ជាក់ថា អាជ្ញាធរត្រូវពិនិត្យមើលនូវចំណុចខ្វះខាត ដើម្បីរកដំណោះស្រាយរាល់បញ្ហា ដែលមានកើតឡើងកន្លងមក នៅតាមបណ្ដាមូលដ្ឋាន។
ការថ្លែងបែបនេះ ក្នុងឱកាសលោក ជា អឿន ចុះពង្រឹងអាជ្ញាធរមូលដ្ឋានឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងដើម្បីស្តាប់នូវការលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីយកទៅដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំប្រមាណ ១០០នាក់ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។
លោក ជា អឿង បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវជំរុញធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីជូនដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគម្រូថ្មី គឺសំខាន់ត្រូវចុះឲ្យដល់លំនៅដ្ឋានរបស់ពួកគាត់។ ម្យ៉ាងទៀតរាល់អត្តសញ្ញាណប័ណ្ណដែលបានធ្វើហើយ ត្រូវយកទៅប្រគល់ជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគ្រប់គ្រងឲ្យបានចំពោះការធ្វើចំណាកស្រុកក្នុងប្រទេស និងចំណាកក្រៅប្រទេស របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អ្នកតំណាងរាស្ត្ររូបនេះ ក៏បានណែនាំឲ្យអាជ្ញាធររិះរកបញ្ហាប្រឈម ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ មកលើអាជ្ញាធរមូលដ្ឋានផងដែរ។
លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើអំពើល្អ ជាគម្រូល្អដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ សាសន៍ ពណ៌សម្បុរនោះឡើយ៕