(ភ្នំពេញ)៖ ផ្តើមចេញពីគ្រោះកាចចង្រៃ ដែលបានញាំញីបណ្តាលឲ្យវិនាសបែកបាក់ ព្រាត់ប្រាសក្រុមគ្រួសារ ប្តី ប្រពន្ធ កូន ចៅ ញាតិ និងសណ្តាន ព្រោះតែទំនាស់រឿងដីធ្លីមួយកន្លែង នៅក្រុង-ខេត្តកំពង់ឆ្នាំង ដែលបានអូសបន្លាយយូរឆ្នាំដោះស្រាយមិនទាន់ចេញ ខណៈគ្រួសាររបស់ខ្លួនមិនមានកំហុសនោះ ស្រ្តីម្នាក់សុខចិត្តរើសផ្លូវសាងផ្នួស និងចាប់យកផ្លូវព្រះធម៌ ដើម្បីបួងសួងសុំព្រះបារមីព្រះអង្គដងកើ ផ្តល់នូវយុត្តិធម៌ជូនពួកគេឡើងវិញ។
ជាមួយគ្នានេះអ្នកស្រី ឃូ ស៊ូចេង បានសុំអង្វករដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ជាពិសេសស្ថាប័នតុលាការ ជួយផ្តល់ពន្លឺយុត្តិធម៌ជូនខ្លួន និងក្រុមគ្រួសាររបស់ពួកគេផង ដោយសារតែជម្លោះដីធ្លីខាងលើនេះ ពួកគេមិនមានកំហុសនោះទេ សុទ្ធតែរង់នូវការចាញ់បោកគេប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកស្រីដែលភរិយាលោក អៀរ គុយម៉ុង ដែលមានបញ្ហារឿងដីធ្លីនៅសង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង បានសំរេចចិត្តសុំសិល ចាប់យកផ្លូវព្រះធម៌ ដោយបាននាំកូន ចៅ សាច់ញាតិ ទៅបួងសួង ថ្វាយភ្លេងពិនពាធ ព្រលែងសត្វចាបទាំងហ្វូង និងធ្វើទានោង ដើម្បីសុំសេចក្តីសុខយកមកវិញ ព្រមទាំងបានប្តឹងដល់ព្រះអង្គដងកើ ទីគោរពបូជាដ៏សក្តិសិទ្ធិ នៅមុខព្រះបរមរាជវាំង ( ទន្លេបួនមុខ) ថា ក្រុមគ្រួសារលោក អៀរ គុយម៉ុង មិនបានសាងអំពើរអាក្រក់ គៃ បន្លំ ឬបោកប្រាស់អ្នកដ៏ទៃ ដើម្បីផកប្រយោជន៍ក្រុមសារខ្លួនម្តងណាទេ ខណៈដែលបណ្តឹងផ្លូវច្បាប់ កំពុងតែដាក់ទៅតុលាការ ដើម្បីទាមទាររកយុត្តិធម៌ ទាំងផ្លូវលោក និងផ្លូវជំនឿសាសនា។
រឿងហេតុនេះ ត្រូវបានអ្នកស្រី ឃូ ស៊ូចេង ដែលត្រូវជាភរិយាលោក អៀរ គុយម៉ុង បានរៀបរាប់ថា បង្កឡើងដោយឈ្នោះ ជៀម ហៃ ភេទប្រុស អាយុ៧០ឆ្នាំ បានឆបោកលោក អៀរ គុយម៉ុង កាកពីថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៦ រឿងទិញលក់ដីនៅខេត្តកំពង់ឆ្នាំង។ ក្រោយពីបានឆបោកបានហើយឈ្មោះ ជៀម ហៃ បានសម្ងំសុខ នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារលើ ក្រុង ខេត្តកំពង់ឆ្នាំង លើគំនរទុក្ខក្រុមគ្រួសារលោក អៀរ គុយម៉ុង យ៉ាងរំភើយ។
ភ្ជាប់នឹងអំពើរឆបោករបស់ឈ្មោះ ជៀម ហៃ រឿងលក់ដី ដែលមានទំនាស់ គឺមានតែស្នាមមេដៃលើកិច្ចសន្យា ទិញ លក់ ឲ្យទៅមនុស្សច្រើននាក់ ហើយបានបដិសេធថា ខ្លួនមិនបានលក់ ដោយអះអាងថា ឯកសារ និងស្នាមមេដៃរបស់ខ្លួន ជាការបង្ខំ ទើបទម្លាក់កំហុសនេះដាក់លើឈ្មោះ អៀរ គុយម៉ុង ជាអ្នកទទួលខុសត្រូវទៅវិញ។
ដោយទទួលរងនូវអំពើរអយុត្តិធម៌ ក្រុមគ្រួសារលោក អៀរ គុយម៉ុង បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងពីឈ្មោះ ជៀម ហៃ ពីបទឆបោកទៅតុលាការ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីរកយុត្តិធម៌។ ហើយដោយសំអាងលើភាពត្រឹមត្រូវ សច្ចធម៌ ទៀងត្រង់ ក្រុមគ្រួសារលោក អៀរ គុយម៉ុង សង្ឃឹមជឿជាក់ថា តុលាការនឹងផ្តល់យុត្តិធម៌ក្នុងរឿងនេះ។
ក្រុមគ្រួសារលោក អៀរ គុយម៉ុង ចុងក្រោយសុំការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយផ្តល់ពន្លឺយុត្តិធម៌ឡើងវិញ៕