(ភ្នំពេញ)៖ និស្សិតក្រីក្រ ចំនួន៥០នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានសម្ភារៈសិក្សា និងថវិកា ពីសប្បុរសធម៌ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ពិត ចំណាន សមាជិកគណៈ កម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលរៀបចំដោយក្លឹប យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
ក្នុងឱកាសប្រារព្ធពិធី ការប្រគល់អំណោយ ដល់និស្សិតក្រីក្រចំនួន៥០នាក់ និងកម្មវិធីផ្ទេរ ប្រកាសទទួលស្គាល់គណៈកម្មាធិការនាយកសមាគមនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អាណត្ដិទី២៥ លោក ពិត ចំណាន បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងជំរុញលើកទឹកចិត្ដ ដល់និស្សិតទាំងអស់ ត្រូវខិងខំប្រឹងប្រែងតស៊ូរៀនសូត្រ ក្រេបយកចំណេះដឹងថ្មីៗ ទោះស្ថិតនៅក្នុងស្ថានកាលៈទេសៈណាក៏ដោយ ចេះគ្រប់គ្រងពេលវេលារបស់ ដើរលើវិថីជីវិតដ៏ត្រូវត្រូវ ចូលរួមជាមួយនឹងការងារសង្គមឲ្យបានច្រើន ដើម្បីក្លាយជាបុគ្គលល្អ សិស្សល្អ កូនល្អ ពលរដ្ឋល្អ លើសពីនោះ ហាមដាច់ខាតជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា ពិធីនេះរៀបចំឡើងបន្ទាប់ពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលថវិកាសប្បុរសធម៌ ដែលបានមកពីការ រៀបចំពិធីសប្បុរសធម៌លើកទី៥ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧៕