(កំពង់ធំ)៖ គម្រោងផ្តល់ថវិកាប្រចាំខែដល់ជនចាស់ជរា មានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ គឺជាគម្រោងថ្មីមួយ ក្រោមការផ្តួចផ្តើមគំនិតរបស់លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងលោកស្រី ដែលក្នុងយុទ្ធនាការដំបូង គម្រោងនេះត្រូវបានចាប់ផ្តើម ធ្វើឡើងពីឃុំបឹង ស្រុកបារាយណ៍ ដែលគម្រោងខាងលើត្រូវបានជ្រើសរើស ចាស់ជរាសរុបប្រមាណ១២០នាក់ មកពីភូមិត្រពាំងឈូក និងភូមិដូនប៉ែន។

ជាស្ថិតិដែលនឹងត្រូវទទួលប្រាក់ឧបត្ថម្ភជាប្រចាំខែ ខណៈអ្នកដែលបានទទួលអំណោយសរុបថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ មានដល់១៥៦នាក់ លើសពីស្ថិតិជាក់ស្តែង ព្រោះមានការរាប់បញ្ចូលទាំងជនក្រីក្រ និងជនពិការផងដែរ ក្នុងម្នាក់ៗបានទទួលថវិកា៥ម៉ឺនរៀល និងកញ្ចប់គ្រឿងឧបភោគបរិភោគ រួមមាន ម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, ត្រីខ៦កំប៉ុង, ស្ករស១គីឡូ, មី១០កញ្ចប់, ទឹកត្រី២ដប និងទឹកស៊ីអ៊ីវ២ដប។

ពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងនៅនៅបរិវេណព្រះវិហារឥស្លាមភូមិត្រពាំងឈូក ដែលអមដំណើរដោយមន្រ្តីក្រសួងនានា និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ពីថ្នាក់កណ្តាល និងសម្ព័ន្ធខេត្តកំពង់ធំ ផងដែរ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ទោះបីជាការឧបត្ថម្ភនេះមិនច្រើន ប៉ុន្តែនេះជាទង្វើមនុស្សធម៌ ដែលរូបលោក រួមជាមួយសហការី នឹងអនុវត្តជាបន្តបន្ទាប់ជាប្រចាំខែតែម្តង ដើម្បីដោះស្រាយទុកលំបាកខ្លះរបស់លោកតាលោកយាយចាស់ជរា ដែលក្នុងយុទ្ធនាការដំបូងនេះ លោកចាប់យកយកឃុំបឹង ជាគម្រោងដំបូង ហើយនឹងមានបន្តសម្រាប់ខេត្តកំពង់ធំទាំងមូល ក៏ដូចជាខេត្តនានាជាច្រើនទៀត។

លោកបញ្ជាក់ថា នេះជាគម្រោងមនុស្សធម៌ ដែលមានភាពងាយស្រួល និងបើកចំហដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ចាប់ផ្តើមងាកមកយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ចាស់ជរា ហើយគម្រោងមួយនេះ គឺជាទង្វើមនុស្សធម៌ដែលសាមញ្ញ មិនតម្រូវសម្រាប់តែអ្នកមានលទ្ធភាព និងជីវភាពខ្ពង់ខ្ពស់នោះទេ ព្រោះទទួលអ្នកចូលរួមបដិភាគ ចាប់ពីម្នាក់ឡើងទៅតាមលទ្ធភាពសប្បុរសជន ដែលក្នុងម្នាក់នៃជនចាស់ជរា សប្បុរសជនអាចបង់ប្រាក់ ត្រឹមតែ៣ម៉ឺនរៀល ឡើងក្នុង១ខែ។

ក្នុងនាមអ្នកផ្តួចផ្តើមគម្រោងនេះឡើង លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានជម្រាប់ដល់សាធារណៈជន ឲ្យងាកមកចូលរួមក្នុងវប្បធម៌ចែករំលែក ទោះតិច ឬច្រើនក្តី ព្រោះការបរិច្ចាកនេះ គឺជាវប្បធម៌ល្អមួយ ដែលញ៉ាំងឲ្យបុគ្គលមួយមានសេចក្តីសុខទាំងកាយ និងផ្លូវចិត្ត ដឹកនាំសង្គមមួយឲ្យកាន់តែមានសន្តិភាព សុខដមរមនា៕