(ភ្នំពេញ)៖ រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ សាលាប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីបើកការប្រកួត កីឡាបាល់ទាត់ ពានរង្វាន់សាលាប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 2018) ដែលមានក្រុមប្រកួត U-13 ចំនួន១៨ក្រុម និងU-16 ចំនួន១៦ក្រុម មកពីសាលាប៊ែលធី ទាំង១៨សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រចំនួន ជាង ៥,០០០នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 201៨) នេះ គឺជាកម្មវិធីថ្មីមួយបន្ថែមទៀតរបស់ សាលា ប៊ែលធី អន្តរជាតិ ដែលបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការ ពង្រឹងលើវិស័យកីឡាគ្រប់ប្រភេទរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងស្របតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។
លោកថា កន្លងមកសាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ២ប្រភេទ រួចមកហើយ រួមមាន ១៖ អប់រំកាយ សម្រាប់សិស្សថ្នាក់ទី១-៦, ២៖ កីឡា តៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី ៧-៨ ហើយថ្ងៃនេះ យើងបានបញ្ចូលកម្មវិធីកីឡា ២ប្រភេទបន្ថែមទៀត រួមមាន ១៖ កីឡា Futsal សម្រាប់សិស្សថ្នាក់ទី១០-១២, ២៖ កីឡាបាល់ទាត់សម្រាប់សិស្សថ្នាក់ទី១០-១២ និងបន្តរៀបចំកីឡាសម្រាប់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។
ក្រុមកីឡាករដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ ចែកចេញជា ២ក្រុម គឺ ក្រុមU-13 និង ក្រុម U-16 នឹងទទួលរង្វាន់ ដូចខាងក្រោម ៖
១៖ ក្រុមជើងឯក (The Winner)
* ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ
* មេដាយមាស
* ថវិកាចំនួន ៣,០០០,០០០រៀល
២៖ ក្រុមជើងឯករង (Runner-up)
* មេដាយប្រាក់
* ថវិកាចំនួន ២,០០០,០០០រៀល
៣៖ ក្រុមលេខ ៣
* មេដាយសំរិទ្ធ
* ថវិកាចំនួន ១,០០០,០០០រៀល
* ក្រុមលេខ ៤
* ថវិកាចំនួន ៥០០,០០០រៀល
ចំណែកឯក្រុមកីឡាករ ទាំង២៦ក្រុម ដែលមិនបានជាប់ជ័យលាភី ក៏ទទួលបានថវិកា លើកទឹកចិត្ត ក្នុង១ក្រុម ២០០,០០០ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានណែនាំដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សទទួលបាននូវសុខភាពល្អមាន ទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុត ពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើ ហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់ នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចជាតិទៀតផង។
លោកអគ្គនាយក ក៏បានផ្តាំផ្ញើដល់ក្មួយៗ ក្រុមកីឡាករទាំង៣៤ក្រុម ឲ្យប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូ ប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។
លោកអគ្គនាយក ក៏បានជូនពរដល់ក្មួយៗ កីឡាករតាមក្រុមនីមួយៗ ទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨នាពេលនេះ ផងដែរ។ បន្ទាប់មក លោកប្រធានគណៈអធិបតី បានប្រគល់បាល់ ជូនក្រុមអាជ្ញាកណ្តាល ជានិមិត្តរូប នៃការបើកកម្មវិធីប្រកួតបាល់ទាត់ U-13 និងU-16៕