(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារ CPP ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក ឡោក ហ៊ួរ នៅតែបន្តដោះស្រាយសំណូមពររបស់ពលរដ្ឋ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខណៈពេលឆ្នាំនេះ ប្រជាពលរដ្ឋកំពុងរីករាយសប្បាយចិត្ត ដែលស្រូវរបស់ពួកគាត់កំពុងលក់បានថ្លៃខ្ពស់ជាមុន ដោយសារតែមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ CPP បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាធំ ស្ថិតក្នុងបរិវេណវត្តបឹងឈូក ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកបានថ្លែងថា ទីណាមានទុក្ខលំបាកទីនោះមានថ្នាក់ដឹកនាំ CPP នៅជិតប្រជាពលរដ្ឋទាំងអស់គ្នាជានិច្ចដើម្បីដោះស្រាយ សំណូមពរ បន្ថែមទៀតរបស់ប្រជាពលរដ្ឋ ក្នុងឃុំកំពង់ព្រៀង តាមរយៈការជីកប្រឡាយតូចធំបង្ហូរទឹកធ្វើស្រែធ្វើផ្លូវថ្នល់ខ្វាត់ខ្វែងតាមភូមិនានា ក្នុងឃុំសម្រាប់ធ្វើដំណើរងាយស្រួលដឹកកសិផលមកទីផ្សារ និងរកទីផ្សារជូនកសិករលក់ស្រូវក្នុងតម្លៃខ្ពស់។ ក្នុងនាមលោកជាអ្នកបម្រើរាស្រ្ត មានសេចក្តីត្រេកអរ និងសាទរដល់កសិករយើងដែលឆ្នាំនេះបានផលិតស្រូវបានច្រើនទិន្នផលល្អ ហើយលក់បានថ្លៃជាងឆ្នាំមុនៗ ធ្វើឲ្យពួកគាត់មាន ជីវភាពធូរធានេះសបញ្ជាក់ឲ្យឃើញថា មានតែបក្ស CPP មួយគត់ដែលបានខិតខំប្រឹងប្រែងជួយរាស្រ្តនៅតាមមូលដ្ឋានជាប្រចាំរហូតមក។ មិនដូចអតីតបក្សប្រឆាំងដែលបានត្រឹមតែបោកប្រាស់ប្រជាពលរដ្ឋគ្រប់ទិសទីដើម្បីអំណាចបក្ខពួកខ្លួនតែប៉ុណ្ណោះ។
លោកតំណាងរាស្រ្តបានបន្តថា «ទោះបីជាមានសមិទ្ធិផលសន្ធឹកសន្ធាប់នៅក្នុងមូលដ្ឋានហើយក៏ដោយ តែការខ្វះខាតក៏នៅតែមានខ្លះ ហើយថ្នាក់ដឹកនាំក្រុមការងារ CPP ចុះជួយស្រុកសង្កែ ជាតំណាងរាស្រ្តផងនោះ តែងបានគិតគូរ ជួយជាបន្តបបន្ទាប់ន្ថែមទៀតមិនឲ្យខ្វះខាតឡើយ មិនតែប៉ុណ្ណោះលោកបានទំនាក់ទំនងជាមួយក្រុមហ៊ុនវិនិយោគតាមវិស័យនានា ពិសេសពាក់ព័ន្ធ ទៅនឹងការងារដាំដុះវិស័យកសិកម្ម និងក្រុមហ៊ុនទិញស្រូវ ធ្វើឡសម្ងួតស្រូវ ឃ្លាំងស្តុកស្រូវខ្នាតធំ ដើម្បីបំពេញសេចក្តីត្រូវការបម្រើការទិញស្រូវក្នុងខេត្តពីប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា មិនឲ្យកកស្ទះឡើយ»។
លោកបានបញ្ជាក់ថា សូមបងប្អូនបន្តរកទទួលទាន ធ្វើស្រែចំការរបស់ខ្លួនដើម្បីជីវភាពគ្រួសារកាត់បន្ថយការលំបាក និងចេញពីភាពក្រីក្រ ទៅជាមានការរីកចម្រើនវិញ ដោយមិនបាច់ខ្វល់រឿងនយោបាយប្រទេសជាតិអីទេ គឺមានថ្នាក់ដឹកនាំកំពូលលោកចេះចាត់ចែងទប់ស្កាត់ និងរកសន្តិភាពជូនបងប្អូន ហើយសូមកុំជឿតាមការឃោសនាបក្សប្រឆាំង មិនបានការនោះទៀតទៅព្រោះមេដឹកនាំ និងបក្សបានរលាយអស់ហើយ តែបើមានអតីតសកម្មជនណាលួចធ្វើអ្វីផ្តេសផ្តាស់ខុសច្បាប់ ត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីចាប់ខ្លួន និងមានទោសទណ្ឌផងដែរ។
បន្ទាប់ពីសំណេះសំណាលចប់លោកប្រធានបានចែកជូនភួយ និងអាវរងារដល់អ្នកចូលរួមទាំងអស់ដោយម្នាក់ៗទទួលបានម្នាក់មួយផងដែរ៕