Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអចលនទ្រព្យ ព្រមានថា ការទិញអចលនទ្រព្យ នៅឆ្នាំ២០១៨ មិនត្រូវខ្ចីលុយធនាគារ ឬដកលុយដើមទុនអាជីវកម្មប្រចាំថ្ងៃទៅទិញទេ

30-12-2017 15:14

(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យកម្ពុជា លោក គីម ហ៊ាង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានព្រមានថា ការទិញអចលនទ្រព្យនៅកម្ពុជា នាឆ្នាំ២០១៨ ជាឱកាសល្អ ប៉ុន្តែប្រជាពលរដ្ឋមិនត្រូវខ្ចីលុយធនាគារ ឬដកលុយដើមទុនអាជីវកម្មប្រចាំថ្ងៃទៅទិញទេ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានបញ្ជាក់លើបណ្តាញសង្គម Facebook ថា៖ «សម្រាប់អ្នកដែល គ្មានប្រាក់ផ្ទាល់ខ្លួន ពុំគួរទិញផ្ទះ ឬដីធ្លី ក្នុងឆ្នាំ២០១៨ ខាងមុខនេះទេ ព្រោះមិនអាចលក់វិញបានភ្លាមៗ តែបើមានលុយសុទ្ធ ឬប្រាក់ក្នុងខ្លួនស្រាប់ គួរតែទិញឱ្យបានច្រើន ហើយរង់ចាំលក់វិញក្នុងឆ្នាំ២០២០ ព្រោះថាវាអាចបានចំណេញទ្វេ១ជា២ ឬចំណេញយ៉ាងតិច៥០% ក្នុងរយះពេល២ឆ្នាំ»

មូលហេតុដែលលោកបណ្ឌិតលើកឡើងបែបនេះ គឺសំអាងថា ក្នុងពេលកៀកនឹងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ជិតមកដល់បែបនេះ អ្នកអាជីវករ និងប្រជាពលរដ្ឋ មានការព្រួយបារម្ភ ដែលអ្នកចង់ទិញអចលនទ្រព្យមានចំនួនតិច ហើយមានអ្នកចង់លក់មានចំនួនច្រើន ដែលនេះជាឱកាស សម្រាប់អ្នកមានលុយសុទ្ធទិញសម្រាប់វិនិយោគ ហើយពួកគេអាចទិញបានក្រោមតម្លៃទីផ្សារពី២០ ទៅ៣០ភាគរយ។

លោក គីម ហ៊ាង បានបន្តថា នៅពេលកៀកនឹងការបោះឆ្នោតទាំងអ្នកក្នុងស្រុក និងអ្នកវិនិយោគពីក្រៅប្រទេសភាគច្រើន សុទ្ធតែសម្តែងការព្រួយបារម្ភ ទាក់ទងនឹងស្ថានភាពនេះ ប្រសិនជាវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងពេលដែលស្ថានភាពទិញ លក់មានតម្រូវការល្អ ការទិញ និងលក់ចេញវិញ មិនចំណាយពេលយូរទេ ប៉ុន្តែបើទិញកំឡុងពេលបោះឆ្នោត ជាពេលដែលមិនសូវមានអ្នកទិញច្រើន ហេតុនេះវាត្រូវការពេលវេលាដើម្បីលក់ចេញបាន៕