(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងធនធានមនុស្ស ដោយធានាឲ្យប្រជាពលរដ្ឋ ចូលរៀនចប់ថ្នាក់ទី៩យ៉ាងតិច។
ការលើកឡើងយ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន តំណាងសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោធិ៍អណ្តែតដើមឬស្ស ស្ថិតនៅក្នុងឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងយ៉ាងដូច្នោះថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស់វៃ និងប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងធនធានមនុស្ស ដោយបានកំណត់យកការកសាងធនធានមនុស្សជាអាទិភាព ដោយធានាឲ្យប្រជាពលរដ្ឋយើងចូលរៀនចប់ថ្នាក់ទី៩យ៉ាងតិច»។
ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សាលារៀនជាថ្នាលបណ្តុះបណ្តាលយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍ ធនធានមនុស្ស គ្មានប្រទេសណាមួយ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បានរីកចំរើនដោយគ្មាន កម្លាំងធនធានមនុស្សនោះទេ។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់រៀបចំ បណ្តាញសិក្សាធិការអប់រំ ដោយបានកសាងអគារសិក្សារាប់ពាន់ខ្នង ដើម្បីបង្ខិត សាលាឲ្យបានដល់ជិតផ្ទះ ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទដាច់ស្រយាល ឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា បង្កើនធនធានមនុស្សនៅកម្ពុជា ឲ្យបានសម្បូរបែប។
លោកថា «នៅពេលចុះសាកសួរសុខទុក្ខ និងពិនិត្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត សម្តេចលោកបានយកចិត្តទុកដាក់វិស័យអប់រំ ដោយបានផ្ដល់អគារសិក្សាជូន សិស្ស បន្ទប់ស្នាក់នៅអន្តេវាសឹកដ្ឋាន និងអគារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យមានលក្ខណៈតាមស្តង់ដា បច្ចេកទេសល្អ ក្នុងការអនុវត្តន៍រដ្ឋធម្មនុញ្ញ ក្នុងការធានាថា ឲ្យប្រជាពលរដ្ឋកម្ពុជា បានចូលរៀនយ៉ាងហោច បានចប់ត្រឹមថ្នាក់ទី៩»។
ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ បើទំនេរ ត្រូវអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត។
លោកបន្ដថា ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខ ដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពោធិអណ្តែតដើមឬស្ស ជាវិទ្យាល័យមួយក្នុងចំណោម វិទ្យាល័យទាំង៣ នៅក្នុងស្រុកកណ្តាលស្ទឹង មានគ្រូបង្រៀនចំនួន ៣៦នាក់/ស្រី១៥នាក់ និងមានសិស្សានុសិស្ស ៥៣០នាក់/ស្រី២៧១នាក់។ បច្ចុប្បន្ននៅក្នុងទីតាំងនេះ មានសាលាបឋមសិក្សាដើមឬស្ស ស្ថិតនៅជាមួយគ្នាផងដែរ។
គួបញ្ជាក់ថា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៤ នៅឃុំដើមឬស្ស គឺពុំមានវិទ្យាល័យនោះទេ ទើបតែនៅឆ្នាំសិក្សា២០១៤-២០១៥ ដោយមានសំណូមពរពីព្រះសង្ឃ អាជ្ញាធរដែនដី និងមាតាបិតាសិស្ស ដែលកូនត្រូវចូលរៀនវិទ្យាល័យឆ្ងាយ គឺវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត និងវិទ្យាល័យ ហ៊ុនសែន ព្រែកស្លែង ទើបលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បានគោរពស្នើសុំទៅសម្តេចតេជោ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បង្កើតជាវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍អណ្តែតដើមឬស្ស ហើយចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ និងបញ្ចប់ការសាងសង់ថ្ងៃទី៩ ខែកញ្ញ ឆ្នាំ២០១៧ មានអគារសិក្សា១ខ្នង ៦៦ម គុណ ៨ម កម្ពស់៣ជាន់ មាន១៨បន្ទប់, អគារសិក្សា១ខ្នង ៦៦ម គុណ ៩ម កម្ពស់២ជាន់ មាន១២បន្ទប់ ធ្វើអំពីបេតុងប្រក់គ្បឿង របង ខ្លោងទ្វារ សួនច្បារ និងការរៀបចំសោភណ្ឌភាព ក្នុងនិងក្រៅបរិវេណ សាលា ព្រមទាំងបំពាក់គ្រឿងបរិក្ខាតាមអគារ រួមមានភ្លើងអគ្គីសនី តុ កៅអី ក្តាខៀន និងកង្ហារ ដោយចំណាចអស់ទឹកប្រាក់ ១,០១៦,២៣៦ ដុល្លារសហរដ្ឋអាមេរិក។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបំពាក់គ្រឿងឥស្សរិយយសដល់សម្បុរសជន ដែលបានរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ និងបាននាំយកអំណោយអនុស្សាវរីយ៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាច្រើន ឧបត្ថមនិងចែកជូនដល់តាជី យាយជី ក្រុមប្រឹក្សា អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំង មានសមត្ថកិច្ចផងដែរ៕