(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០១៨ លោកសាស្រា្ដចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រជុំណែនាំជូន ប្រធានអង្គភាពក្រោមឱវាទ នៃក្រសួងសុខាភិបាល ដើម្បីជំរុញឲ្យមូលដ្ឋានសុខាភិបាលទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការផ្ដល់សេវាសុខាភិបាលជូនអត្ថគាហកៈ (អ្នកដែលទទួលអត្ថប្រយោជន៍ ពីសេវាសុខាភិបាល ដោយឥតគិតថ្លៃ) ស្របតាមគោលនយោបាយ និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងអង្គប្រជុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នាទីស្ដីការក្រសួងសុខាភិបាលថា ការផ្ដល់សេវាថែទាំសុខភាពដល់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ ដោយឡែករបបសន្តិសុខសង្គមផ្នែកហានិភ័យ និងផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ បាននិងកំពុងអនុវត្តដោយបេឡាជាតិរបបសន្តិសុខសង្គម និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នឹងចាប់ផ្ដើមអនុវត្ត ក្នុងពេលខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំបន្តថា អង្គភាពសុខាភិបាលទាំងអស់ ត្រូវរៀបចំចាត់ចែងការផ្ដល់សេវាថែទាំសុខភាព ដល់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមថែទាំសុខភាព។
សម្រាប់អត្ថគាហកៈ ដែលទទួលបានការប្រើប្រាស់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ នៅក្រោមកម្មវិធី សមធម៌សុខាភិបាល របស់ក្រសួងសុខាភិបាល សំដៅដល់កម្មករនិយោជិតក្រៅប្រព័ន្ធ មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងកីឡាករ-កីឡាការិនី ដែលមានបណ្ណមូលនិធិសមធម៌ ចេញដោយបេឡាជាតិរបបសន្តិសុខសង្គមតែប៉ុណ្ណោះ និងអត្ថគាហកៈ នៅក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សំដៅដល់កម្មករនិយោជិត ដែលមានបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម។
លោក ម៉ម ប៊ុនហេង បានបន្តទៀតថា នៅរាល់ពេលដែលអត្ថគាហកៈ ទៅទទួលសេវាសុខាភិបាលថែទាំសុខភាព បុគ្គលិកមូលដ្ឋានសុខាភិបាល ត្រូវស្នើឲ្យអត្ថគាហកៈបង្ហាញបណ្ណមូលនិធិសមធម៌ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល និងបង្ហាញបណ្ណសមាជិក ប.ស.ស សម្រាប់អត្ថគាហកៈ ដែលស្ថិតនៅក្រោមរបបសន្តិសុខសង្គម ផ្នែកថែទាំសុខាភិបាល។
សូមជម្រាបថា ក្នុងពេលកន្លងមកជារឿយៗ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងតែផ្ដល់អនុសាសន៍ដល់សេនាធិការរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសបេឡាជាតិរបបសន្តិសុខសង្គម ត្រូវពង្រឹងការផ្ដល់សេវាសុខាភិបាលជូន កម្មករនិយោជិត កីឡាករ-កីឡាការិនី ក៏ដូចជាមន្ត្រីរាជការថ្នាក់ឃុំ ភូមិ ឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕