(កណ្ដាល)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក លោកស្រី នៃបណ្តាក្រសួងមួយចំនួន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខសិស្សានុសិស្ស នៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា និងនៅវិទ្យាស្ថានូរ៉ុលអ៊ីម៉ាន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ផ្តាំផ្ញើជាច្រើនដល់ប្អូនៗ ដែលនៅវ័យសិក្សា ដោយបានជំរុញឲ្យពួកគាត់ខិតខំប្រឹងក្រេបចំណេះដឹងឲ្យល្អប្រសើរ មិនត្រូវបោះបង់ការសិក្សាពាក់កណ្តាលទីនោះឡើយ និយាយរួមក្នុងនាមជាពលរដ្ឋម្នាក់ ក៏ដូចជាវ័យដែលនឹងក្លាយជាយុវជនល្អសម្រាប់សង្គម ប្អូនៗត្រូវខំប្រឹងយ៉ាងណាឲ្យបានរៀនចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីជាស្បៀងសម្រាប់អនាគតភ្លឺស្វាង របស់យើងគ្រប់ៗគ្នា ក្នុងការប្រកួតប្រជែងនៅលើទីផ្សារការងារ ដែលកំពុងត្រូវការអ្នកដែលមានជំនាញ និងសមត្ថភាពពិតប្រាកដ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យអប់រំ គឺជាវិស័យអាទិភាពបំផុត ទាក់ទងនឹងការផ្តល់អាទិភាពនេះ លោករដ្ឋមន្រ្តីប្រតិភូក៏បានរំលឹកអំពីកំណើន នៃប្រាក់បៀវត្សមន្រ្តីរាជការ ជាពិសេសប្រាក់បៀវត្សរបស់គ្រូបង្រៀន គឺជាផ្នែកសំខាន់ដែលរាជរដ្ឋាភិបាល បានដំឡើងជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០១៨នេះ ប្រាក់បៀវត្សគ្រូបង្រៀន បូកនឹងកាំប្រាក់ផ្សេងៗយ៉ាងតិចបំផុត មិនក្រោម១លានរៀលឡើយ។
បន្ថែមពីនេះ លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងសិស្សានុសិស្ស សូមបន្តប្រើប្រាស់មណ្ឌលសិក្សាមួយនេះ ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកកំពស់វិស័យអប់រំទាំងចំណេះដឹងទូទៅ និងផ្នែកសាសនាឥស្លាម ហើយសង្ឃឹមនឹងមិនមានអ្វីរាំងស្ទះដល់បញ្ហាប្រាក់បៀវត្សគ្រូទេ ព្រោះគ្រូបង្រៀនស្ទើរទាំងអស់ ក្នុងមជ្ឈមណ្ឌលនេះ គឺត្រូវបានរាជរដ្ឋាភិបាលសម្រេចជ្រើសរើសបញ្ចូល ទៅក្នុងក្របខណ្ឌគ្រូរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់មជ្ឈមណ្ឌលមួយនេះ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូៗ និងបុគ្គលិក បម្រើការងារទាំងអស់ ក្នុងមជ្ឈមណ្ឌលជាពិសេសថ្លែងអំណរគុណ ដល់ភាគីម្ចាស់ជំនួយទាំងក្នុង និងក្រៅស្រុក ដែលបានបន្តផ្តល់ជំនួយស្បៀងអាហារ ដល់សិស្សានុសិស្ស ចូលរួមចែករំលែកទុកលំបាករបស់សិស្សានុសិស្ស និងចំណាយផ្សេងៗ របស់មជ្ឈមណ្ឌលជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បាននាំអង្ករ១០តោន របស់ក្រុមប្រឹក្សាឥស្លាមរដ្ឋសឺឡាង ប្រទេសម៉ាឡេស៊ី ប្រគល់ជូនមជ្ឈមណ្ឌល ដើម្បីដោះស្រាយហូបខ្លះជូនសិស្សានុសិស្សា និងគ្រូ ហើយក្នុងនោះដែរលោក បានឧបត្ថម្ភជូនសិស្សានុសិស្ស៥៥០នាក់ ក្នុងម្នាក់បានថវិកា១០,០០០រៀល លោកគ្រូ អ្នកគ្រូ៣០នាក់ ម្នាក់ៗ១០,០០០រៀលផងដែរ៕