(កំពង់ធំ)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកំពង់ធំ រួមជាមួយមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ អាជ្ញាធរស្រុក និងកម្លាំងចម្រុះ បានបើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ​ ដើម្បីការពារអាយុជីវិត​នៅពេលធ្វើដំណើរ នៅតាមដងផ្លូវ ស្ថិតនៅមុខសាលាបឋមសិក្សាថ្នល់ជាតិ ស្រុកបារាយ៍ ខេត្តកំពង់ធំ។

លោក ប្រាក់ សារ៉ាត បានថ្លែងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលធ្វើការក្នុងស្ថាប័នរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បី ធ្វើធ្វើជាគំរូឈានមុខ គេក្នុងការបើកបរ ជាពិសេសការប្រើប្រាស់ មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ព្រមទាំងអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយបាននូវអត្រា គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត នៅលើដងផ្លូវក្រោមពាក្យស្លោកដ៏មានអត្ថន័យ ដែលរាជរដ្ឋាភិបាល តែងតែផ្សព្វផ្សាយគ្រប់ទីកន្លែងនោះគឺ «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍»

លោក ប្រាក់ សារ៉ាត ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរទំាងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គម ឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។

លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានថ្លែងថា យុទ្ធនាការនេះបាន និងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានី-ខេត្ត ដោយនគរបាលចរាចរ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយ ដើម្បីបង្ហាញពីសារសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឲ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និងមានបញ្ជាក់ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។

លោក ជូ កូឡា បានបន្តថា ដើម្បីទទួលបានមួកសុវត្ថិភាពនេះ គឺតម្រូវឲ្យបងប្អូនឆ្លើយសំណួរអំពីច្បាប់ចរាចរណ៍ត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងប្រសិនបើគាត់ ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ គឺបានសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួន។

លោក ជូ កូឡា បានបញ្ជាក់ថា យុទ្ធនាការថ្ងៃនេះដែល ក្រុមការងារលេខាធិការដ្ឋានបានប្រើប្រាស់សម្ភារដូចខាងក្រោម៖ ទី១៖ មួកសុវត្ថិភាព១៥៦មួក, ទី២៖ ខិត្តបណ្ណបទបញ្ញត្តិសំខាន់ៗនៃច្បាប់រាចរណ៍ផ្លូវគោក៥០០សន្លឹក, ទី៣៖ ស្ទីកឃ័រចំណាំងផ្លាត ស្តីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ៣០០សន្លឹក, ទី៤៖ សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង៣០០ក្បាល, ទី៥៖ ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ ១០សន្លឹក, ទី៦៖ សៀវភៅស្តីពីចរាចរណ៍ផ្លូវគោក១០ក្បាល និងទី៧៖ ចំណាំងផ្លាត ៥០សន្លឹក។

សូមបញ្ជាក់ថា យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានី-ខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាព ឲ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឲ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និងមានបញ្ជាក់ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាព ម្តងជាពីរដងផងដែរ៕