(ភ្នំពេញ)៖ ភាពយន្តខ្មែរបែបប្រវត្តិសាស្ត្រ មានចំណងជើងថា «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ដែលជាការដឹកនាំផលិត ដោយតារាហូលីវូដ លំដាប់ ពិភពលោក អ្នកនាង Angelina Jolie បានទទួលការគាំទ្រខ្លាំង តាមរយៈការបោះឆ្នោត ពីសំណាក់ប្រិយមិត្ត នៅលើគ្រប់គេហទំព័រផ្លូវការ របស់រោងភាពយន្ត លេជេន កាលពីពេល ថ្មីៗនេះ ធ្វើឲ្យភាពយន្តនេះ ទទួលបានពានប្រចាំឆ្នាំ២០១៧ ពីព្រឹត្តការណ៍ «Movie Of The Year» កាលពីរាត្រី ថ្ងៃទី២៩ខែធ្នូ នេះ។
តំណាងរោងភាពយន្ត លេជេន អ្នកស្រី គីវ ឆវ៉េត បានថ្លែងថា នេះគឺជាលើកទី២ហើយ ដែលរោងភាពយន្ត លេជេន រៀបចំព្រឹត្តិការណ៍បែបនេះឡើង គឺក្នុងគោលបំណង ចូលរួមលើកស្ទួយ វិស័យភាពយន្ត នៅកម្ពុជា ហើយវាក៏នឹងក្លាយ ជាព្រឹត្តិការជួបជុំ សិល្បករ ផលិតករ និងអ្នកពាក់ព័ន្ធ វិស័យភាពយន្ត ផងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ គុណភាពនៃការផលិត ភាពយន្តខ្មែរ កាន់តែមានការវិវឌ្ឍន៍ ឈានឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ព្រឹការណ៍ពិសេសបែបនេះ នឹងបន្តរៀបចំ ឲ្យមាននៅចុងឆ្នាំក្រោយ បន្តទៀតដែលនឹងមានអ្វី កាន់តែពិសេស ជាងឆ្នាំនេះទៀត។
ដោយឡែក លោក ឈាង ឆដាភ័ក្រ ប្រធានការិយាល័យ ពិនិត្យខ្លឹមសាររូបភាព និងចំណាត់ថ្នាក់ភាពយន្ត បានថ្លែងកោតសរសើរ ចំពោះកម្មវិធីភាពយន្ត ប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) លើកទីពីរ ដែលឆ្លុះបញ្ចាំង ពីការយកចិត្ត ទុកដាក់និងលើកកម្ពស់ វិស័យភាពយន្ត នៅក្នុងស្រុក។ សម្រាប់ការសុំទិដ្ឋាការ ក្នុងការផលិតភាពយន្ត ក្នុងឆ្នាំនេះ មានចំនួនច្រើន ជាងឆ្នាំមុន ទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគ ក្នុងនោះក៏មានភាពយន្ត ដែលផលិតដោយឧហ្សាហកម្ម ភាពយន្តបរទេស ជាច្រើនផងដែរ។ លោករំពឹងដែរថា ព្រឹត្តិការណ៍នេះ នឹងកើតមានជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែក លើកកម្ពស់វិស័យ ភាពយន្តខ្មែរ ឲ្យកាន់តែមានគុណភាព ប្រកបដោយភាព ប្រកួតប្រជែង។
សូមបញ្ជាក់ថា កម្មវិធីភាពយន្ត ប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) លើកទីពីរដែលជាកម្មវិធី រៀបចំឡើង ដោយរោងភាពយន្ត លេជេន (Legend Cinema) បានបញ្ចប់ ដោយជោគជ័យ ដោយស្វែងរកឃើញ ភាពយន្តលេចធ្លោរ ប្រចាំឆ្នាំ ។ ភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ត្រូវបានផលិត ដោយកំពូលតារាសម្ដែងលំដាប់ ពិភពលោក អ្នកនាង Angelina Jolie និងបានប្រកាស ចាក់បញ្ចាំងកាលពី អំឡុងខែកញ្ញាកន្លងទៅ។ មុនទទួលបានជ័យលាភី ខាងលើរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» បានជ្រើសរើស ខ្សែភាពយន្តមួយ ក្នុងចំណោមភាពយន្ត ចំនួន១០រឿង ទាំងរឿងជាតិ និងអន្តរជាតិ ដែលរកប្រាក់ចំណូល បានច្រើនជាងគេ ប្រចាំឆ្នាំ២០១៧ នៅរោងភាពយន្ត លេជេន មកដាក់ប្រកួតប្រជែងគ្នា។ ការបោះឆ្នោត មាន២ដំណាក់កាល ធំៗដែលដំណាក់កាល ទី១ ពានរង្វាន់ខ្សែភាពយន្តខ្មែរ ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៥ រហូតដល់់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។ រីឯដំណាក់កាលទី២ ពានរង្វាន់ខ្សែភាពយន្ត ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២១ រហូតដល់់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
រោងភាពយន្ត Legend ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធី ដូចជាក្រុមហ៊ុននាំចូល និងចែកចាយភាពយន្ត WML , ផលិតកម្ម Kongchak Pictures, អេអាយអេ (ខេមបូឌៀ) ឡាយហ៍ អ៊ិនសូរេន (AIA), Uber, និងអ្នកសហការឧបត្ថម្ភដោយ KOI Cafe´, Joma Cafe´Bakery Cambodia, និងបណ្ដាអ្នកឧបត្ថម្ភផ្សេងៗទៀត៕