(រតនគិរី)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ សិស្សវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរី ប្រមាណ៥០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់ ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗផងដែរ។
នាយកវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី លោក ធន់ យុន ប្រាប់ឲ្យដឹងថា ករណីកូនសិស្សដួលសន្លប់មិនដឹងមូលមូលហេតុនេះ កើតឡើងរយៈពេល១សប្តាហ៍មក ហើយគ្រាន់មានត្រឹម៤-៥នាក់ប៉ុណ្ណោះ រួចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យជួសឈាមវិភាគរករោគសញ្ញា ប៉ុន្តែរកមិនឃើញនោះទេ។
លោកនាយកវិទ្យាល័យរូបនោះបន្តថា ក្រោយពីគ្រូពេទ្យវិភាគរោគមិនឃើញអាណាព្យាបាល បានដឹកកូនចៅពួកគេទៅឲ្យលោកតាវត្តអូរចេងស្រោចទឹក រំដោះគ្រោះមួយរយៈពេលខ្លី កូនសិស្សមានសភាពធម្មតាវិញ ហើយដោយមានជំនឿ និងការមានពុទ្ធដិកាពីលោកតាវត្តអូរចេង ឲ្យធ្វើពិធីសែនព្រេន រៀបបាយសី សែនស្រាពាងសុំសេចក្តីសុខផងនោះ សម្រាប់តែនៅព្រឹកថ្ងៃនេះ រូបគាត់បានរៀបចំពិធីតាមបែបជនជាតិ ស្រាប់តែធ្វើពិធីចប់កូនសិស្សស្រី ប្រមាណ៥០នាក់ដួលសន្លប់តែម្តង។
ទាក់ទិនករណីសិស្សដួលសន្លប់ក្នុងបន្ទប់រៀននេះ អាណាព្យាបាលសិស្ស រៀបរាប់ឲ្យដឹងថា កូនពួកគាត់បានឃើញមានមនុស្ស ដើរចូលបន្ទប់មើលទៅមុខប្រឡាក់សុទ្ធតែឈាម ទើបស្រែកឆោឡោឡើងស្លុតស្មារតីដួលសន្លប់តៗគ្នា។
ប៉ុន្តែបើតាមគ្រូពេទ្យដែលចុះដល់បន្ទប់កើតហេតុ ប្រាប់ឲ្យដឹងថា ទីនោះហាក់បីដូចជាមិនសូវមានអនាម័យ ផាសុខភាព ខ្វះអុកស៊ីសែនជាដើម ទើបកើតបញ្ហានេះឡើង៕