(ភ្នំពេញ)៖ នៅសល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យឆ្លងឆ្នាំសកលនឹងឈានចូលមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារជូនពរឲ្យជនរួមជាតិ ដែលបាននិងកំពុងធ្វើដំណើរទៅកំសាន្ដ នៅរមណីយដ្ឋានផ្សេងៗ សូមមានសុវត្ថិភាពទាំងការធ្វើដំណើរជិត និងឆ្ងាយ។
បន្ថែមពីការជូនពរនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនោះ បានផ្ដាំផ្ញើជាថ្មីម្ដងទៀតឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ យកចិត្តទុក ដាក់ថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងសប្បាយ។
តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រទេសជាតិមានសុខសន្តិភាព គឺធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ កាន់តែមានឱកាសធ្វើដំណើរទៅកំសាន្ត នៅតាមតំបន់រមណីយដ្ឋានធម្មជាតិជិតឆ្ងាយ ដោយគ្មានការភ័យខ្លាច។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសរសេរយ៉ាងដូច្នេះថា «ធ្មិចបើកៗជិតដាច់ខែ១២ និងជិតដាច់ឆ្នាំ២០១៧ឈានចូលឆ្នាំថ្មី ២០១៨! បងប្អូនជនរួមជាតិមួយចំនួនជាពិសេសកូនក្មួយយុវជន ពិតជាបាននឹងកំពុងរៀបចំធ្វើដំណើរកំសាន្តទៅកាន់ទីតាំងរមណីយដ្ឋានមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសាកលដែលនឹងមកដល់ក្នុង១ថ្ងៃទៀតតែប៉ុណ្ណោះ។ ប្រទេសជាតិមានសុខសន្តិភាព គឺយើងកាន់តែមានឱកាសធ្វើដំណើរទៅកំសាន្ត នៅតាមតំបន់រមណីយដ្ឋានធម្មជាតិជិតឆ្ងាយដោយគ្មានការភ័យខ្លាច។ អរគុណជនរួមជាតិ ដែលបានជួយផ្សព្វផ្សាយអំពីទីតាំងរមណីយដ្ឋានស្អាតៗ នៅក្នុងប្រទេសយើងទៅកាន់ពិភពលោក។ ជូនពរបងប្អូនជនរួមជាតិរីករាយថ្ងៃចុងសប្តាហ៍ និងសូមធ្វើដំណើរមានសុខសុវត្ថិភាពតាមផ្លូវ។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ ការពារថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូននៅគ្រប់ទីកន្លែងឲ្យបានសប្បាយរីករាយ ជាពិសេសនៅតាមទីតាំងដែលសំបូរទេសចរទៅកំសាន្ត»៕