(បន្ទាយមានជ័យ)៖ អគ្គិភ័យដែលឆាបឆេះទីតាំងលក់ហ្គាសមួយកន្លែង នៅក្បែរផ្សារអគ្គ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរលត់ទៅវិញជាស្ថាពរហើយ នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់៦គ្រឿង ដើម្បីអន្ដរាគមន៍បាញ់ពន្លត់។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំនៅខេត្តបន្ទាយមានជ័យ ដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះអគ្គិភ័យមួយនេះ បានបណ្ដាលឲ្យម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ ខណៈដែលការខូចខាតអស់ខ្ទង់ម៉ឺនដុល្លារ។
បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានដាក់ការសង្ស័យជំហានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ព្រោះថាទីតាំងកើតហេតុនេះ មានបណ្ដុំទៅដោយខ្សែភ្លើងតូចៗជាច្រើនផងដែរ ប៉ុន្ដែនេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ សម្រាប់មូលហេតុពិតប្រាកដសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
យ៉ាងណាមិញ បើទោះបីអគ្គិភ័យនេះបានរលត់ទៅហើយក្ដី លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលបានដឹកនាំអន្ដរាគមន៍គ្រោះថ្នាក់មួយនេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញទុករថយន្ដពន្លត់អគ្គិភ័យមួយគ្រឿង ដើម្បីឲ្យនៅប្រចាំការនៅកន្លែងកើតហេតុ ដោយសារខ្លាចក្រែងមានភ្លើងឆេះម្ដងទៀត ព្រោះថានៅតំបន់នោះនៅមានធុំក្លិនហ្គាសនៅឡើយ៕