(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អ រវាងគ្នាក្នុងការបំពេញតួនាទីភាកិច្ចដើម្បីលទ្ធផល និងប្រសិទ្ធភាពការងាររបស់ រដ្ឋបាលខេត្ត ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់។
លោក ម៉ែន វិបុល បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទូទាំងខេត្តស្វាយរៀង ដោយមានការអញ្ជើញ ចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត ប្រមាណ១៤៦នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក ម៉ែន វិបុល បានបន្តថា ក្នុងនាមយើងជាមន្ត្រីរាជការត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ត្រូវគោរពម៉ោងពេលចូលបម្រើការងារឲ្យបានទៀងទាត់ ជាពិសេសត្រូវខិតខំស្វែងយល់ សិក្សា និងរៀនសូត្រពីចំណេះដឹងថ្មីៗ បន្ថែមទៀតឲ្យបានជាប់ជាប្រចាំដើម្បីពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឯងផង និងដើម្បីបង្កើននូវផលិតភាពការងារ របស់អង្គភាពផង។
លោក ម៉ែន វិបុល បានបញ្ជាក់ថា ចំពោះលោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត លោកទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ និងមន្ត្រីព័ត៌មានវិទ្យាថ្នាក់ខេត្ត ដែលនឹងត្រូវបញ្ចប់កិច្ចសន្យានៅដំណាច់ឆ្នាំ២០១៧នេះ ក្នុងរយៈពេលនៃការបំពេញការងាររបស់ខ្លួននារយៈពេលជិត២ឆ្នាំកន្លងមក បានសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត ក្នុងការជួយសម្របសម្រួលគាំទ្រដល់ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងនានានៅមូលដ្ឋានឲ្យប្រព្រឹត្តទៅបានត្រឹមត្រូវ ស្របតាមផែនការ ជាពិសេសបានជួយសម្របសម្រួលដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ-សង្កាត់។
ចុងបញ្ចប់ដើម្បីអបអរបុណ្យចូលឆ្នាំសកលលោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត សរុបចំនួន១៤៦នាក់ម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល ដោយឡែកសម្រាប់លោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងសហការីសរុបចំនួន ៣នាក់ ម្នាក់ៗទទួលបានប័ណ្ណសរសើររបស់រដ្ឋបាលខេត្ត១វត្ថុអនុស្សាវរីយ៍១ និងថវិកា១០ម៉ឺនរៀល៕