(សៀមរាប)៖ បន្ទាប់ពីធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ពេលនេះបានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ តំណាងលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា។
ចំពោះលទ្ធផលសរុប ដែលទទួលបានពីការធ្វើសវនកម្មផ្ទៃក្នុង ចំនួន២ថ្ងៃកន្លះមកនេះ បង្ហាញថា នាយកដ្ឋាន និងអង្គភាពចំនួន១៦ នៃស្ថាប័នអាជ្ញាធរជាតិអប្សរា នៅតែបន្តភាពវិជ្ជមាន ដោយពុំមានភាពមិនអនុលោមណាមួយឡើយ ប៉ុន្តែមានចំណុចតាមសង្កេតចំនួន ២៩ចំណុច អនុសាសន៍ដែលទទួលបានពីសវនករចំនួន ១៤ចំណុច ដែលតម្រូវឱ្យនាយកដ្ឋាននីមួយៗធ្វើការកែលម្អឡើងវិញ និងចំណុចប្រសើរចំនួន ១៥ចំណុច (ការអនុវត្ត ដំណើរការ និងទទួលបានលទ្ធផលបម្រុងទុក ឆ្នាំ២០១៧)។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន មណីនីតា ប្រធានសវនករផ្ទៃក្នុង។
ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ លោក សុខ លក្ខិណា ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការលំបាករបស់សវនករទាំងអស់ ដែលបានជំរុញឱ្យការធ្វើសវនកម្ម ប្រកបដោយលទ្ធផលគាប់ចិត្ត បើទោះបីយើងទើបនឹងចាប់ផ្តើមអនុវត្តស្តង់ដារថ្មី ISO14001-2015 ក៏ដោយ។ បើទោះបីលទ្ធផលសវនកម្ម មិនមានភាពមិនអនុលោម អ្នកជំរុញមានចំនួនច្រើន មានចំណេះដឹងប្រសើរ និងជំនាញជាងមុនទាក់ទងនឹងស្តង់ដារប្រព័ន្ធគ្រប់គ្រងបរិស្ថានថ្មីក៏ដោយ តែវានៅមិនទាន់សមល្មមនឹងអ្វីដែលយើងចង់បានឡើយ។
លោក សុខ លក្ខិណា ក៏សូមលើកទឹកចិត្តអ្នកជំរុញទាំងអស់ឱ្យខិតខំប្រឹងប្រែងបន្តទៀត ព្រោះបើនាយកដ្ឋានណាមួយជួបនូវបញ្ហា ភាពមិនអនុលោមកើតឡើងនោះ នឹងមានផលប៉ះពាល់ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល ដោយសារការងារនេះជាប្រព័ន្ធ។ សូមកុំតូចចិត្តនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន តែលទ្ធផលនិងកិត្តិយសបានទៅលើស្ថាប័នដទៃ សូមធ្វើដើម្បីអង្គរ ព្រោះមានតែតំបន់បេតិកភណ្ឌអង្គរតែមួយប៉ុណ្ណោះ ដែលមានស្តង់ដារ ISO ផ្នែកបរិស្ថាន ឯតំបន់បេតិកភណ្ឌពិភពលោកនៅបណ្តាប្រទេសផ្សេងៗ នៅមិនទាន់មាននៅឡើយ ដែលនេះជាកិត្តិយសណាស់សម្រាប់កម្ពុជា៕