Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកគណបក្សប្រជាជនកម្ពុជា ៧រូបថ្មី ត្រូវបញ្ចូលជាមន្ត្រីក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក្រោយរំលាយគណបក្សសង្គ្រោះជាតិ

29-12-2017 18:05

(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌឬស្សីកែវ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ប្រកាសបញ្ជូលមន្ត្រីសមាជិកគណបក្សប្រជាជនកម្ពុជា របស់ខ្លួន៧រូប ដើម្បីជុំនួសមន្ត្រីសមាជិកគណបក្សសង្គ្រោះជាតិ ក្រោយតុលាការកំពូលកាត់ក្ដីរំលាយចោល ក្នុងបទល្មើសក្បត់ជាតិ ដោយធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ ក្រោមអធិបតីភាព លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ។

ពិធីនេះក៏មានការចូលរួមពី លោក លីន ញ៉ក់ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ និងវត្តមានលោកនាយក លោកនាយករងរដ្ឋបាលខណ្ឌ លោកប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជំនាញចំណុះខណ្ឌ លោកអធិការងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យូទ្ធភូមិភាគពិសេសខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ រួមនិងលោក-លោកស្រី ជាមន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធសរុប៥២នាក់។

លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ បានថ្លែងដោយសង្កត់ធ្ងន់ៗថា ដើម្បីបង្កើនសមត្ថភាពមន្ត្រី ចាំបាច់ណាស់ទាមទារឲ្យ មន្ត្រីថ្នាក់ក្រោមការិយាល័យជំនាញទាំងអស់ ត្រូវធ្វើរបាយការណ៍ ឬរាយការណ៍អំពីបញ្ហាសកម្មភាព តើមានអ្វីខ្លះកើតឡើងក្នុងមួយថ្ងៃៗ ដើម្បីជម្រាបជូនទៅប្រធានការិយាល័យតាមជុំនាញនីមួយៗ។

លើសពីនេះ លោក វ៉ាន់ សាលី បន្តថា បន្ទាប់ពីប្រធានការិយាល័យជំនាញ ទទួលបានរបាយការណ៍ ត្រូវតែរាយការបន្តទៅលោកនាយក លោកនាយករង ដើម្បីបញ្ជ្រៀបសេចក្ដីបន្តទៅលោកអភិបាលរងទទួលបន្ទុក ឬជាអភិបាលខណ្ឌ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ រាល់កម្មវិធីនយោបាយនានា លើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បើទោះបីជា មាន សញ្ញាប័ត្រឌីប្លូម សញ្ញាប័ត្របាក់ឌុប ឬបរិញ្ញាប័ត្រយ៉ាងណាក៏ដោយ គួរតែខិតខំបន្ថែមទៀតលើការ ទទួលវគ្គបណ្ដុះបណ្ដាល នេះ ព្រោះតែប្រទេសកម្ពុជា បច្ចុប្បន្នកំពុងមានកែទម្រង់ និងការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាបន្តបន្ទាប់៕