(កណ្តាល)៖ ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញអំណោយជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ៣០០គ្រួសារ នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
អំណោយដែលចែកជូននាពេលនេះ រួមមាន ក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម មី១កេះ ត្រីខកំប៉ុង១យួរ និងថវិកា២ម៉ឺនរៀល ដែលជាជំនួយរបស់អង្គការ Muslim Aid។
លោក Khairul Hafiz នាយកអង្គការ Muslim Aid បានលើកឡើង នូវការថ្លែងអំណរគុណដល់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានលោកឧកញ៉ា អូស្មាន ហាស្សាន់ ជាប្រធាន គឺជាភាគីដៃគូក្នុងស្រុកដែលតាំងពីដើមមក បានគាំទ្រក្នុងនាមជាអង្គការដូចគ្នាផង និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលផង ដែលបានធ្វើឲ្យអង្គការរបស់លោក បានដំណើរការយ៉ាងរលូន ហើយបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌នានាតាំងពីឆ្នាំ២០០៧មកម្លេះ។
លោកបន្តថា គម្រោងកញ្ចប់អំណោយលើកនេះ មានសរុប១,២៨០កញ្ចប់ បានធ្វើការចែកចាយដល់ជនក្រីក្រ ក្នុងខេត្តក្រុងចំនួន៧ហើយខេត្តកណ្តាល គឺជាគម្រោងចុងក្រោយក្នុងចំណោមកញ្ចប់អំណោយទាំង១,២៨០។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរពីសកម្មភាពមនុស្សធម៌ ដែលភាគីអង្គការ Muslim Aid បានធ្វើឡើងក្នុងកំឡុងពេល១០ឆ្នាំនេះ គឺពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ហើយលោកបានរំលឹកពីភាពជឿនលឿន និង ការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលធ្វើប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ សន្តិភាព សេរីភាព និងគ្មានការរើសអើង។
លោកបានរំលឹកពីគុណបំណាច់សមស្របបំផុត ដែលប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិកឥស្លាមផងដែរ ត្រូវបន្តគាំទ្រ និងគុណជានិច្ច ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខំប្រឹងកាសងប្រទេសជាតិពីបាតដៃទទេ មកទទួលបាននូវអ្វីគ្រប់បែបយ៉ាង ជាពិសេសសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សមិទ្ធផលនានាមិនអាចកាត់ថ្លៃបាន ថែមទាំងបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងក្លាជាទីបំផុត ជាគំរូសម្រាប់ប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិគួរយកតម្រាប់តាម។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយលោកក៏រំលឹកដល់អ្នកទាំងអស់គ្នាថា ពេលវេលនៃការបោះឆ្នោតតំណាងរាស្រ្ត គឺនៅមិនមិនដល់១ឆ្នាំទៀតទេ និយាយរួមគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះហើយ អាស្រ័យហេតុនេះគ្រប់គ្នាសូមត្រៀមខ្លួនធ្វើយ៉ាងណាត្រូវតែទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា៕