(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងរាជធានី ត្រូវចុះពិនិត្យទីតាំងហាងបញ្ចាំ២៤ម៉ោង លើ២៤ម៉ោងជាបន្ទាន់ភ្លាមៗ ព្រោះថា ការបើកបញ្ចាំ២៤ម៉ោងនេះ ជាអំពើខុសច្បាប់ ខណៈការបញ្ចាំនេះ អនុញ្ញាតឲ្យត្រឹមតែពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។
ការដាក់បទបញ្ជាថ្មីនេះ ធ្វើឡើងព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៧នេះ ក្នុងឱកាសលោកអភិបាលរាជធានីភ្នំពេញ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ប្រឡាយស្ទឹងមានជ័យ ជំហានទី១ ចំនួន១៦២គ្រួសារ នៅវត្តស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
អភិបាលរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះថា «បើកុងស៊ីបញ្ចាំណាដែលព្រងើយកន្តើយ មិនអនុវត្តរបស់អាជ្ញាធរកុងស៊ីបញ្ចាំបើកអាជីវកម្ម ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច តែបើក២៤ម៉ោងលើ២៤ម៉ោង គឺខុសច្បាប់ហើយ។ ដូច្នេះសូមអាជ្ញាធរតាមខណ្ឌ ចុះពិនិត្យជាបន្ទាន់ បើរកឃើញថា ការទទួលបញ្ចាំមិនមានលិខិតស្នាមត្រឹមត្រូវទៀតនោះ នឹងចូលក្នុងបទល្មើសផ្សំគំនិត ទទួលផលចោរកម្ម ហើយយើងដាក់ទោសទណ្ឌអ្នកធ្វើ ដើម្បីឲ្យរៀងចាល ប្រទេសមានច្បាប់ ត្រូវអនុវត្តច្បាប់ទាំងអស់គ្នា»។
ជាការកត់សម្គាល់ មានទីតាំងហាងបញ្ចាំមួយចំនួន បានបើកទទួលបញ្ចាំ២៤ម៉ោងលើ២៤ម៉ោង ហើយទីតាំងបញ្ចាំខ្លះបានលួចលាក់ទទួលបញ្ចាំនូវទ្រព្យសម្បត្តិ ដែលជាបទល្មើស ជាហេតុនៅតែបង្កភាពអសន្តិសុខដល់សង្គម ទោះបីយ៉ាងណា សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញលោក ឃួង ស្រេង ធ្លាប់បានណែនាំរួចមកហើយ ឲ្យបណ្ដាខណ្ឌទាំង១២ ចំណុះឲ្យរាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យតាមហាងបញ្ចាំ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ហើយក្រោយពីត្រួតពិនិត្យ ក៏ត្រូវតាមដានជាប់ជាប្រចាំផងដែរថា តើទីតាំងបញ្ចាំទាំងនោះ បានចូលរួមប្រព្រឹត្តបទល្មើសដែរឬទេ ការចូលរួម គឺក្នុងរូបភាពទទួលយករបស់របរពីចោរ តាមរយៈការទទួលបញ្ចាំដែលគ្មានឯកសារ។
សូមជម្រាបថា ហាងបញ្ចាំត្រូវបានមនុស្សម្នាជាច្រើនស្គាល់ថា គឺជាកន្លែងសម្រាប់ដាក់របស់ទ្រព្យមានតម្លៃ ដើម្បីជាថ្នូរនឹងប្រាក់សម្រាប់យកទៅប្រើការចាំបាច់។
ទន្ទឹមនឹងមានក្រុមហ៊ុន ឬហាងបញ្ចាំស្របច្បាប់កើតឡើងជាច្រើន ហាងបញ្ចាំខុសច្បាប់ក៏កើតឡើងព្រោងព្រាតផងដែរ ហើយមួយរយៈមកនេះតាមក្រុមហ៊ុន ឬហាងបញ្ចាំជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះត្រួតពិនិត្យ តែការត្រួតពិនិត្យនោះហាក់មិនមានផ្លែផ្កាល្អនៅឡើយទេ ដោយអាជ្ញាធរខណ្ឌមួយចំនួន បានចេញសកម្មភាពតែម្ដងហើយក៏ស្ងាត់ទៅវិញ ទើបពេលនេះអភិបាលរាជធាបីភ្នំពេញចាប់ផ្ដើមជម្រុញជាថ្មីទៀត៕