(ភ្នំពេញ)៖ នៅទីបំផុត! នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កើត សាំង បានសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច នាំមន្ដ្រីសាលា ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួករបស់ខ្លួន ដែលរងចោទប្រកាន់ថា បើករថយន្ដទៅបុកស្ដ្រីម្នាក់កំពុងជិះម៉ូតូ រួចបើករថយន្ដតាមចុះមកលោតធាក់ បណ្ដាលឲ្យរងរបួសថែមទៀត ដាក់ពន្ធនាគារ។
ការចេញដីកាឃុំខ្លួននេះ បានកើតឡើង បើទោះពីជាភាគីខាងមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បានសរសេរលិខិតសុំទោសជាសាធារណៈ និងមានការសម្របសម្រួលគ្នាសងសំណងរដ្ឋប្បវេណីក៏ដោយ ជូនស្ដ្រីរងគ្រោះ។
សូមបញ្ជាក់ថា មន្ដ្រីសាលាខណ្ឌពោធិ៍សែនជ័យ និងបក្ខពួក ត្រូវបានកម្លាំងនគរបាលខណ្ឌតាមចាប់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកស្រ្តីម្នាក់ ហើយខឹងស្រ្តីរងគ្រោះជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសទៀតផង។
ជនសង្ស័យទាំង២នាក់ មានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយស្រ្តីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុ ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់កាកាប។
ស្រ្តីរងគ្រោះឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ បាននិយាយថា មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅទួលគោក លុះមកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។
បន្ទាប់មក នាងក៏លាន់មាត់ជេរបន្តិចបន្តួច ហើយបន្តដំណើរមកមុខស្រាប់តែពួកគេទាំង២នាក់ បើករថយន្តតាម ហើយក៏ទាន់បើកទ្វារចុះមកទាត់ធាក់បណ្តាលឲ្យដួលរងបួសតែម្តង។
យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ ស្រ្តីរងគ្រោះបានសម្រេចដកពាក្យបណ្តឹងរួចហើយ បន្ទាប់ពីមន្រ្តីសាលាខណ្ឌ បានសរសរលិខិតសុំទោសជាសាធារណៈ និងសងសំណងក៏ដោយនោះ៕