(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសបន្ទាន់មួយ ទាត់ចោលនូវព័ត៌មាន ដែលបានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Chaintope បង្កើតរូបិយវត្ថុ K-coin (លុយអេឡិចត្រូនិកដូច Bitcoin) ឲ្យមានការជួញដូរបាននៅកម្ពុជា។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល និងក្រុមហ៊ុនដែលបានប្រើប្រាស់ ឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ទៅផ្សព្វផ្សាយព័ត៌មានបោកប្រាស់ទាំងនេះ ហើយធនាគារជាតិនៃកម្ពុជា ក៏កំពុងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន លើការផ្សព្វផ្សាយបោកប្រាស់នេះផងដែរ។
បន្ថែមលើសពីនេះទៅទៀតនោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា ខ្លួនមិនដែលបានអនុញ្ញាត ឲ្យមានការទិញលក់ និងចរាចរណ៍រូបិយវត្ថុអេឡិចត្រូនិក Crypto Currencies ក្នុងទម្រង់ណាមួយដូចជា K-coin ដែលបានលើកឡើងនេះនោះទេ។
សូមជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ប្រាប់ទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធ នឹងការចរាចរ រូបិយវត្ថុ Crypto (លុយអេឡិចត្រូនិក)។
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការជួញដូររូបិយវត្ថុអេឡិចត្រូនិចទាំងនេះ អាចផ្ដល់ហានីភ័យដល់ សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគមួយចំនួន មិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ៕