(ភ្នំពេញ)៖ ក្នុង១ឆ្នាំៗ ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី១សែនតោន ទៅលក់ឲ្យប្រទេសវៀតណាម ស្របពេលដែលប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) មានផែនការនាំចេញគ្រាប់ស្វាយចន្ទី ឲ្យបានកើតឡើង១០ដង។
ការបញ្ជាក់ពីចំនួននៃការនាំចេញគ្រាប់ស្វាយចន្ទីនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សាការងាររបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអនុញ្ញាតិឲ្យ លោក ឧកញ៉ា ឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ ២០១៧។
គេហទំព័រក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ បានចុះផ្សាយយ៉ាងដូច្នេះថា «នាពេលថ្មីៗកន្លងទៅនេះ សមាគមស្វាយចន្ទីវៀតណាម បានមកជួបពិភាក្សាជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិនិយោគដាំ និងចុះកិច្ចសន្យាប្រមូលទិញផលិតផលស្វាយចន្ទីពីកម្ពុជា រួចនាំចេញទៅប្រទេសវៀតណាម ជាលក្ខណៈផលិតផលសម្រេច ឬជាវត្ថុធាតុដើមឲ្យបាន១លានតោនក្នុង១ឆ្នាំ នាពេលអនាគត។ តាមអ្វីដែលអគ្គលេខានៃស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុក ការងារពាណិជ្ជកម្មបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាក្នុង១ឆ្នាំៗវៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទី ពីកម្ពុជាប្រមាណជាង១០០ពាន់តោន ក្នុងនោះកម្ពុជាផលិតបាន១០៤ពាន់តោនក្នុងឆ្នាំ២០១៦»។
ជាមួយគ្នានេះ សមាគមស្វាយចន្ទីវៀតណាម បានសន្យាថានឹងផ្តល់ជូនពូជស្វាយចន្ទីចំនួន១លានកូន ដល់ភាគីកម្ពុជា និងបានសន្យាថានឹងបញ្ជូនអ្នកជំនាញមកសិក្សា និងវាយតម្លៃលើស្ថានភាពដី និងសក្តានុពលលើការដាំដុះស្វាយចន្ទីនេះ នៅតាមបណ្តាខេត្តមួយចំនួន។
លោករដ្ឋមន្រ្តី វេង សាខុន បានជម្រាបជូនសមាគមវៀតណាមតាមរយៈលោកឧកញ៉ា ឡេង ឬទ្ធី ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រង់ចាំស្វាគមន៍ និងសហការចំពោះគម្រោងប្រមូលទិញផលិតផលស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ពីព្រោះគម្រោងនេះ គឺជួយនាំយកផលិតផលនេះទៅកាន់ទីផ្សារ កាលណាកសិផលមានទីផ្សារកសិករ នឹងបន្តធ្វើការដាំដុះដោយឈរលើគោលការណ៍ នៃការអនុវត្តកសិកម្មតាមកិច្ចសន្យា វិធីនេះអាចនឹងជួយកសិករ ឬម្ចាស់ចំការធ្វើការបង្កើនទិន្នផល តាមរយៈការអនុវត្តបច្ចេកទេសទំនើប (ពូជ ជី ថ្នាំ) ជាពិសេសបច្ចេកវិទ្យាក្រោយពេល ប្រមូលផលសំដៅដល់ការកាត់បន្ថយ កំហាតបង់ទុនផលិត និងបង្កើនចំណូល៕