(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានស្នើសុំលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជួយអន្តរាគមន៍រឿងនាយកក្រុមហ៊ុនកាស៊ីណូ «ហ្គ្រែនដាយអឺម៉ិន ស៊ីធី» រំលោភបំពានច្បាប់ស្តីពីការងារ បន្ទាប់ពីក្រុមហ៊ុនការស៊ីណូមួយនេះមិនបានធ្វើតាមកិច្ចព្រមព្រៀង និងការបង្គាប់បញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ក្នុងលិខិតសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ប៉ាវ ស៊ីណា បានស្នើសុំលោករដ្ឋមន្ត្រីដោះស្រាយលើសំណើចំនួន៦ចំណុច រួមមាន៖
១៖ ក្រុមហ៊ុនត្រូវទទួលយកលោក ប៊ុន សុធី អតីតប្រធានសហជីពប្រចាំក្រុមហ៊ុនកាស៊ីណូ ហ្គ្រែនដាយអឺម៉ិនស៊ីធី ឲ្យចូលធ្វើការវិញ ស្របតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
២៖ ក្រុមហ៊ុនត្រូវអនុវត្តម៉ោងធ្វើការ ៨ម៉ោង ក្នុង១ថ្ងៃ ស្របតាមច្បាប់ស្តីពីការងារ។
៣៖ ក្រុមហ៊ុនត្រូវសងត្រឡប់មកវិញនូវសំណងជាទឹកប្រាក់ជូនកម្មករនិយោជិត តាមច្បាប់ដែលក្រុមហ៊ុនមិនបានអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក។
៤៖ ក្រុមហ៊ុនត្រូវបញ្ឈប់ការដាក់ទោសពិន័យដល់បុគ្គលិក ដែលផ្ទុយពីច្បាប់ស្តីពីការងារ
៥៖ ក្រុមហ៊ុនត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកឡើងវិញ ឲ្យស្របតាមប្រកាស និងច្បាប់ស្តីពីការងារ
៦៖ ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យបុគ្គលិកធ្វើការនៅថ្ងៃបុណ្យជាតិ អន្តរជាតិ ឬធ្វើការបន្ថែមម៉ោង ដោយគ្មានគោលការណ៍ស្ម័គ្រចិត្តឡើយ។