(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានអនុគណ:កម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តត្បូងឃ្មុំ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុងសួង និងកម្លាំងចម្រុះបើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតនៅពេលធ្វើដំណើរ នៅតាមដងផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។
លោក ហាក់ សុខមករា បានថ្លែងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលធ្វើការក្នុងស្ថាប័នរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ដើម្បី ធ្វើជាគំរូឈានមុខ គេក្នុងការបើកបរ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ព្រមទាំងអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមអនុវត្តន៍ ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត នៅលើដងផ្លូវក្រោមពាក្យស្លោកដ៏មានអត្ថន័យ ដែលរាជរដ្ឋាភិបាលតែងតែផ្សព្វផ្សាយគ្រប់ទីកន្លែងនោះគឺ «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោក គី វីរិន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានថ្លែងថា នៅក្នុងយុទ្ធនាការដែលធ្វើឡើងនាពេលនេះបានចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបើកបរពុំមានពាក់មួក សុវត្ថិភាពចំនួន២៥០មួក រួមជាមួយការណែនាំពីមន្ត្រីជំនាញព្រមទាំងផ្តល់នូវសៀវភៅអប់រំអំពីច្បាប់ ចរាចរណ៍ផ្លូវគោក ក៍ដូចជាចែក និងបិទនូវស្ទីកគ័រចំណាំងផ្លាតលើ យាន្តជំនិះបងប្អូននៅនឹងកន្លែងផងដែរ ដែលក្រោមការឧបត្ថម្ភពី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែគិតគូរ ជាប់ជាប្រចាំកន្លងមកពីសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។
ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលបានទទួលសុវត្ថិភាពនាពេលនោះ បានសម្តែងនូវអារម្មណ៍រីករាយ ចំពោះយុទ្ធនាការដ៏ល្អនេះ ដែលថ្នាក់ដឹកនាំខេត្ត និងមន្ទីរសាធារណការ ជាពិសេសថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលលោកតែងតែគិតគូរពីសុវត្ថិភាព ប្រជាពលរដ្ឋហើយបន្ទាប់ពីទទួលមួកនេះ ទៅពួកគាត់សន្យាថានឹងពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ និងគោរពច្បាប់ចរាចរណ៍រាល់ពេល បើកបរដើម្បីការពារអាយុជីវិតពួកគាត់ និងអ្នកដទៃផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានី-ខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាព ឲ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឲ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និងមានបញ្ជាក់ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាព ម្តងជាពីរដងផងដែរ៕