(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ រថយន្តធុនយក្សដឹកឈើស្រឡៅមូល កូនឈើមូល និងឈើប្រភេទខ្លុងត្បែង-ស្រឡៅ ពេញមួយរថយន្តដែលមានចំនួនជិត៤០០ដើម ដោយមិនមានលិខិតអនុញ្ញាតរបស់រដ្ឋបាលព្រៃឈើ ពេលនេះកំពុងស្វះស្វែងរកអន្តរាគមន៍ ក្រៅប្រព័ន្ធច្បាប់សុំរថយន្ត និងកូនឈើទាំងអស់មកវិញ។

សមត្ថកិច្ចសុំមិនមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺឲ្យដឹងថា ម្ចាស់រថយន្តធុនយក្សខាងលើនេះ កំពុងស្វែងរកការអន្តរាគមន៍ ពីអ្នកធំដើម្បីសុំរថយន្តល្មើស និងកូនឈើមកវិញ។

កូនឈើទាំងអស់មានចំនួន៣៧២ដើម តាមប៉ាន់ស្មានការបង់ពិន័យប្រម៉ាណជិត២០លានរៀលប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងស្នាក់ការសន្តិសុខ៥៥១ និងកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ បានឃាត់នេះនៅបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយសរពាក់ស្លាកលេខភ្នំពេញ 2D-2466 ដឹកឈើមូលប្រភេទ (ខ្លុងត្បែង)។

រថយន្តបានផ្ទុកកូនសសរចំនួន៣៧២ដើម ដោយមានអ្នកបើកបរឈ្មោះ ជៀម ភារា​ អាយុ២៦ ឆ្នាំមុខរបរកសមានស្រុកកំណើត នៅភូមិសំរោងលើ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

បច្ចុប្បន្នវត្ថុតាងទាំអស់នេះយកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដើម្បីធ្វើទៅតាមនីតិវិធីស្តីពីច្បាប់ព្រៃឈើ៕