(កំពង់ចាម)៖ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានប្រាប់ឲ្យមន្ត្រីសុខាភិបាលខេត្តកំពង់ចាម ពង្រឹងសមត្ថភាព និងបង្កើនគុណភាពសេវា ក្នុងការពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ការថ្លែងបែបនេះ របស់លោកស្រីអគ្គនាយក ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ចែករំលែកបទពិសោធន៍ និងចំណេះដឹង វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសុខភាពសហគមន៍ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
លោក Miura junichi អនុប្រធានការិយាល័យ JICA ប្រចាំកម្ពុជា បានថ្លែងទៅកាន់មន្ត្រីសុខាភិបាលដើម្បីឲ្យសិក្ខាសាលានេះ ប្រកបដោយផ្លែផ្កា និងជោគជ័យ លោកសូមឲ្យសិក្ខាកាមទាំង១៣រូប ដែលទើបតែត្រឡប់មកពីប្រទេសជប៉ុន ប្រើប្រាស់ឱកាសនេះសម្រាប់ធ្វើការចែករំលែក បទពិសោធន៍ ចំណេះដឹង និងផ្លាស់ព័ត៌មានរវាងគ្នាទៅវិញទៅមក និងសំណូមពរដល់ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលទាំងអស់ មេត្តាផ្តល់ការគាំទ្រចំពោះការអនុវត្តននូវចំណេះដឹងថ្មីនេះ សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងគោលបំណងលើកកម្ពស់ ស្ថាប័ន ក៏ដូចជាអភិវឌ្ឍន៍កម្មវិធីសុខភាពសហគមន៍ ក្នុងប្រទេសកម្ពុជាផងដែរ។
លោក Miura junichi បានថ្លែងទៀតថា លោកជឿជាក់ថា ចំណេះដឹងថ្មីៗដែលលោក លោកស្រីទទួលបានពីសិក្ខាសាលាថ្ងៃនេះ និងក្លាយជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីជួយអភិវឌ្ឍន៍បន្ថែមលើជំនាញ និងបទពិសោធន៍ដែលមានស្រាប់។
ក្នុងនោះដែរសិក្ខាសាលានេះ លោក លោកស្រី អាចសួរដេញដោល និងសំណូមពរឲ្យមានការបកស្រាយបន្ថែម ពីសិក្ខាកាមដែលបានត្រឡប់មកពីប្រទេសជប៉ុន លើចំណុចផ្សេងៗ បានច្រើនតាមដែលអាចធ្វើបាន និងសូមផ្តល់ការគាំទ្រក្នុងការអនុវត្តផែនការសកម្មភាពរបស់សិក្ខាកាម ដែលទទួលបានមកពីប្រទេសជប៉ុន៕