Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម ព្រមានចាត់ចំណាត់ការផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬអ្នកនាំចូលណា ដែលបំពានសិទ្ធិផ្តាច់មុខ

29-12-2017 14:05

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានព្រមានចាត់ចំណាត់ការផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬអ្នកនាំចូលណា ដែលនៅតែបន្ដលួចនាំចូល និងចែកចាយទំនិញ ដែលបំពានលើសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ។

ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា កន្លងមកមានក្រុមហ៊ុន ឬអ្នកនាំចូលមួយចំនួនបានលួចនាំចូល និងចែកចាយទំនិញ ដែលបំពានលើសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើទំនិញ ពាក់ម៉ាកណាមួយក្នុងប្រទេសកម្ពុជា តាមការប្រគល់សិទ្ធិពីម្ចាស់ម៉ាក ដែលបានកត់ត្រា និងតម្កល់នៅក្រសួងពាណិជ្ជកម្មរួចហើយ។

សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា «ដូច្នោះ ដើម្បីការពារសិទ្ធិផ្ដាច់មុខ លើម៉ាកដូចមានចែងក្នុងច្បាប់ សូមក្រុមហ៊ុន ឬអ្នកនាំចូល និងចែកចាយទំនិញពាក់ម៉ាក ដែលបំពានសិទ្ធិ ផ្ដាច់មុខទាំងនោះ ត្រូវបញ្ឈប់ជាបន្ទាន់ដើម្បីចៀសវាងការប្រឈមមុខ នឹងចំណាត់ការផ្លូវច្បាប់ណាមួយ»

សេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថា​ ក្នុងករណីដែលក្រុមហ៊ុន និងអ្នកនាំចូលទាំងនោះ នៅតែបន្ដបំពានសិទ្ធិផ្ដាច់មុខទាំងនោះ សូមក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូល និងចែកចាយ ផ្ដាច់មុខ ត្រូវសហការជាមួយអាជ្ញាធរ សមត្ថកិច្ចតាមមាត់ច្រកព្រំដែន និងក្នុងផ្ទៃប្រទេស ដើម្បីទប់ស្ដាត់ការនាំចូល និងចែកចាយ ដោយបំពានសិទ្ធិផ្ដាច់មុខទាំងនោះ ឲ្យបានកាន់តែមានប្រសិទ្ធភាព៕