(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹង ខ្លួននឹងដាក់ឲ្យដំណើរការ វិធីសាស្រ្ដជួញដូរតាមការចរចា, បញ្ជាទីផ្សារ និងដែនកំណត់ថ្លៃប្រចាំថ្ងៃ១០% សម្រាប់ជួញដូរមូលបត្រកម្មសិទ្ធិ នៅ CSX នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។
ការដាក់ឲ្យដំណើរការនេះ ធ្វើឡើងដោយយោងតាមប្រកាស របស់គណៈកម្មការមូលបត្រកម្ពុជា ដែលបាន ជូនដំណឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលស្ដីពីការដាក់ឲ្យអនុវត្តវិធាន ប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
បើតាមសេចក្តីជូនដំណឹងរបស់ CSX បានឲ្យដឹងថា៖
* វិធីសាស្រ្ដជួញដូរតាមការចរចា គឺជាវិធីសាស្រ្ដជួញដូរថ្មីបន្ថែម លើវិធីសាស្រ្ដជួញដូរបច្ចុប្បន្ន ដែលផ្អែកលើការដេញថ្លៃ។ វិធីសាស្រ្ដថ្មីនេះ នឹងអនុញ្ញាតឲ្យវិនិយោគិនធំមួយគូ ដែលបានចរចារគ្នាលើលក្ខខណ្ឌ នៃការជួញដូររួចហើយ អាចដាក់បញ្ជាទិញ និងលក់ ជាសម្ងាត់មក CSX ដើម្បីធ្វើការជួញដូរជាផ្លូវការ។
* បញ្ជាទីផ្សារ ជាប្រភេទបញ្ជាថ្មី បន្ថែមពីលើបញ្ជាបច្ចុប្បន្នដែលមានឈ្មោះថា «បញ្ជាដែនកំណត់»។ ប្រភេទបញ្ជាថ្មីនេះ ឆ្លើតតបទៅនឹងតម្រូវការរបស់វិនិយោគិន ដែលមានបំណងចង់ទិញ ឬលក់មូលបត្រ ឲ្យបានភ្លាមៗតាមតម្លៃទីផ្សារ។
* ដែនកំណត់ថ្លៃប្រចាំថ្ងៃ១០% (បង្កើនពី៥%) នឹងទាក់ទាញឲ្យមានចំណេញមូលធន (Capital gain) ច្រើនជាងមុន និងអនុញ្ញាតឲ្យវិនិយោគិន សេរីភាពច្រើន ជាងមុនក្នុងការកំណត់ថ្លៃ ជួញដូរភាគហ៊ុន បន្ទាប់ពីវិនិយោគិន សាធារណៈមានបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងការជួញដូរភាគហ៊ុនជិត៦ឆ្នាំ៕