(ភ្នំពេញ)៖ កងកម្លាំងមួកខៀវកម្ពជាចំនួន១៨៤នាក់ បានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មុនចេញទៅបំពេញបេសកកម្មសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នាពាក់កណ្តាលខែមករា ឆ្នាំ២០១៨ខាងនេះ។
ក្នុងពិធីបាញ់គ្រាប់ពិតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុកជាតិ ខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ទោ ហ៊ួត គីមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុកជាតិ ថ្លែងថា «កម្លាំងមួកខៀវកម្ពុជា ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ គឺមានចំនួន១៨៤នាក់ ដែលកម្លាំងទាំងអស់នេះ ត្រៀមទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋលីបង់ នាពាក់កណ្តាលខែមករា ឆ្នាំ២០១៨»។
លោកបន្តថា «ការដែលកម្លាំងមួកខៀវកម្ពុជា ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ដោយសារនៅប្រទេសលីបង់ មានបញ្ហាប្រឈមខ្លាំងផ្នែកសន្តិសុខ ជាពិសេសក្រុមឧទ្ទាម តែងតែពូនស្ទាក់វាយមកលើកម្លាំង រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កម្លាំងមួកខៀវ១៨៤នាក់នេះ ក្រៅពីហ្វឹកហ្វឺនបាញ់គ្រាប់ពិត ក៏បានហ្វឹកហ្វឺនលើជំនាញ ជំនាញវិស្វកម្ម មានសំណង់ផ្តេក និងសំណង់បញ្ឈរ, ជំនាញបោសសំអាតមីន, ជំនាញកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់កែច្នៃ, ជំនាញសុខាភិបាលសង្គ្រោះបឋម ការសិក្សាផ្នែកច្បាប់ជាតិ និងច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស ច្បាប់ព្រហ្មទណ្ឌ ច្បាប់សង្រ្គាម អប់រំចិត្តសាស្រ្ត»។
ឧត្តមសេនីយ៍ទោ ហួត គឹមសាន បន្តថា ឈានដល់ការបាញ់គ្រាប់ពិតនៅថ្ងៃនេះ គឺកម្លាំងមួកខៀវទាំងអស់នេះ បានធ្វើការបណ្តុះបណ្តាលនៅសាលារយៈពេល៣ខែ និងចាប់ផ្តើមបាញ់គ្រាប់ពិតថ្ងៃនេះ គឺសិក្ខាកាមទាំងអស់ទទួលបានជោគជ័យ និងបាញ់ចំគោលដៅបានល្អទាំងអស់គ្នា។ អាវុធដែលសិក្ខាកាមត្រូវបាញ់នៅថ្ងៃនេះ គឺមានប្រភេទអាវុធ អាកា៤៧ បាញ់ទាំងអស់គ្នាមានចំនួន១៨៤នាក់, អាវុធប្រភេទ PKMS (កាំភ្លើងយន្ត) បាញ់បានចំនួន៥០នាក់, អាវុធប្រភេទ១២,៧ (កាំភ្លើង១២,៧) បាញ់បាន១៥នាក់, អាវុធប្រភេទកាំភ្លើងយន្ត APC ១៤.៥មម បាញ់លើរថពាសដែក។
កម្លាំងមួកខៀវដែលត្រៀមខ្លួនដើម្បីចូលរួមបំពេញ បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ ពួកគេ គឺមានសមត្ថភាពគ្រប់គ្រាន់ និងមានជំនាញច្បាស់លាស់ ដោយសារកម្លាំងទាំងអស់ បានឆ្លងកាត់វគ្គហ្វឹកហ្វឺនត្រឹមត្រូវ ដែលមានយោធាជាតិ និងអន្តរជាតិ ដែលមានមកពីសហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង ជប៉ុន មន្ត្រី UNMASS របស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្តកម្ពុជាជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជិត៥០០០នាក់ ក្នុងនោះមានស្រ្តីជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួន១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៨ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ឆាដ សាយប្រឹស ស៊ីរី លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕