(ភ្នំពេញ)៖ ចំខួប១៩ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះ ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានលើកឡើងថា នយោបាយ «ឈ្នះ ឈ្នះ» មិនមែនរបស់អ្នកណាម្នាក់នោះទេ គឺសម្រាប់ជាតិទាំងមូល និងសម្រាប់ប្រវត្តិសាស្ត្រកម្ពុជាផងដែរ។ នាយឧត្តមសេនីយ៍បានថ្លែងបែបនេះ ក្នុងឱកាសលោកធ្វើសន្និសីទកាសែតស្តីអំពីខួប១៩ឆ្នាំ ថ្ងៃកំណើតទី៣ នៃទិវានយោបាយ «ឈ្នះ ឈ្នះ» នៅក្នុងក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ បានបន្តថា ថ្ងៃនេះគឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជាដោយនយោបាយ «ឈ្នះឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ គឺជាខួប១៩ឆ្នាំ ថ្ងៃបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ បានបន្តថាយ៉ាងដូច្នេះថា «ទិវានយោបាយ ឈ្ន-ឈ្នះនេះ មិនមែនសម្រាប់អ្នកណាមួយនោះទេ គឺសម្រាប់ជាតិទាំងមូល និងសម្រាប់ប្រវត្តិសាស្ត្រហើយកាន់តែច្បាស់ទៅទៀតសម្រាប់អ្នកសិក្សាស្រាវជ្រាវរួមទាំងអ្វីដែលយើងបានទទួលបាន នូវគុណតម្លៃនយោបាយ ឈ្នះ-ឈ្នះ ហើយខ្លឹមសារនេះកំពុងផ្សព្វផ្សាយ និងយកចិត្តទុកដាក់យ៉ាងធំធេងជាមួយការអភិវឌ្ឍ»។
នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ បានបញ្ជាក់ថា ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូល ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដាក់ចេញនូវនយោបាយ «ឈ្នះ ឈ្នះ» ដែលធានាដល់អាយុជីវិត និងកម្មសិទ្ធិនានា របស់ភាគីកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូល នៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ រហូតមកទល់សព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នយោបាយ «ឈ្នះ ឈ្នះ» គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា នយោបាយ «ឈ្នះ ឈ្នះ» គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ «ឈ្នះ ឈ្នះ» បានដាក់ចេញយុទ្ធសាស្ត្របីចំណុសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
នយោបាយ «ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ ចំណាយទឹកប្រាក់អស់ប្រមាណ២០០០លានដុល្លារ តែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជា ទទួលបានឱកាសអភិវឌ្ឍប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកងទ័ពខ្មែរក្រហមនាពេលកន្លងទៅពួកគេសុទ្ធបានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានយោបាយជួយឲ្យប្រទេសជាតិបញ្ចប់ភ្លើងសង្គ្រាមឆ្ពោះទៅរកការអភិវឌ្ឍ និងនាំឲ្យជីវិតរបស់ពួកគេបានកាន់តែប្រសើរផងដែរ៕