(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ អតីតតំណាងរាស្រ្ត និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចំនួន៩៥១នាក់ហើយ ដែលបានមកប្រកាសទ្រព្យសម្បត្តិ ក្រោយពេលគណបក្សរបស់ពួកគេត្រូវបានរំលាយ។ នេះបើតាមការប្រកាសរបស់ ACU នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងចំណោមសមាជិកទាំង៩៥១នាក់នោះរួមមាន៖

*តំណាងរាស្ដ្រចំនួន៤៤រូប និងទីប្រឹក្សា-ជំនួយការ៣១រូប
*សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៣រូប
*សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំសង្កាត់ ចំនួន៨៧៣រូប។

អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវដល់ អតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាប់កាតព្វកិច្ចទាំងអស់ រួសរាន់ទៅបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ក្នុងរយៈពេល៣០ថ្ងៃ។

កន្ងលទៅ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ច្បាប់ប្រឆាំងអំពើពុករលួយ បានចែងថា ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ណាមួយ ត្រូវបានបញ្ចប់ការងាររបស់ខ្លួន ត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនម្តងទៀត ជាលើកចុងក្រោយ ក្នុងរយៈពេល៣០ថ្ងៃ។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា ប្រសិនបើអតីតតំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ណាមិនព្រមចូលខ្លួនប្រកាសទ្រព្យសម្បត្តិ នឹងប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ តាមច្បាប់ប្រឆាំងអំពើពុករលួយ៕