(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យប្រតិភូគណៈគ្រប់គ្រងសាលា និងតំណាងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមានព្រឹទ្ធសភា។
ថ្លែងក្នុងឱកាសនោះ លោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណចំពោះសម្តេច សាយ ឈុំ ដែលផ្តល់ឱកាសឲ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនាពេលនេះ។ តាមរយៈជំនួបនេះ នឹងជួយជម្រុញឲ្យសាលាភូមិន្ទរដ្ឋបាលកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលសម្រេចបានលទ្ធផលការងារកន្លងទៅ ក្នុងបេសកកម្មបណ្តុះបណ្តាលដែលរួម វិភាគទានយ៉ាងច្រើនដល់គោលនយោបាយ បណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យសង្គម និងប្រទេសជាតិ។
សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនសង្ខេបអំពី ដំណើរការដឹកនាំ រចនាសម្ព័ន្ធ មុខងាររបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភា គឺជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ អនុវត្តភារកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ព្រឹទ្ធសភា បានអនុវត្ត និងបំពេញមុខងារស្នូលរបស់ខ្លួន គឺមុខងារនីតិកម្ម មុខងារតាមដាន ការអនុវត្តច្បាប់ និងមុខងារតំណាង។ ដោយឡែកចំពោះការងារការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយសភាបណ្តាប្រទេសជាច្រើន ដើម្បីទាក់ទាញសណ្តានចិត្តគាំទ្រគ្នាខាងស្មារតី សម្ភារៈ និងដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាសភាអន្តរជាតិនានា។ ជាមួយគ្នានេះ ព្រឹទ្ធសភាក៏បានបង្កើតក្រុមមិត្តភាពទ្វេភាគី ពហុភាគីជាមួយសភាបណ្តាប្រទេសនានា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងប្រទេសជាមិត្តផង និងប្រជាជនរបស់កម្ពុជា ជាមួយប្រជាជននៃប្រទេសសាម៉ីផង។
សម្ដេច សាយ ឈុំ បានបញ្ជាក់ថា ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងច្បាប់ជាធរមាន ព្រឹទ្ធសភាបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងរួមចំណែកយ៉ាងច្រើនដល់ការពង្រឹង និងអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើកកម្ពស់នៃការធ្វើច្បាប់ ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការតភ្ជាប់អំណាចរដ្ឋពីថ្នាក់លើទៅថ្នាក់ក្រោម និងពីថ្នាក់ក្រោមមកថ្នាក់លើ ប្រកបដោយនិរត្តរភាព។
ចំពោះសំណើសុំសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍អំពីការដឹកនាំ និងកាអនុវត្តមុខងាររបស់ព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ទៅធ្វើបទបាឋកថានៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានស្នើឲ្យសាលាភូមិន្ទរដ្ឋបាល បន្តនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះតទៅទៀត ដើម្បីរួមចំណែកដល់ការកសាងធនធាន ឲ្យសាកសមទៅនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្នុងពេលចំពោះមុខ និងនៅពេលអនាគត៕