(ភ្នំពេញ)៖ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តធ្វើយុទ្ធនាការចែកមួកសុវត្ថិភាពដល់អ្នកបើកបរ ដែលមិនពាក់មួកសុវត្ថិភាព នៅតាមដងផ្លូវនានានៅទូទំាង ប្រទេសចំនួន៦,២៥០មួក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកស្រី ម៉ែន ចាន់សុកុល ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការនឹងដឹកជញ្ជូន បានឲ្យដឹងនៅក្នុងពិធីចែកមួកសុវត្ថិភាព នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះថា គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើយុទ្ធនាការ ចែកមួកសុវត្ថិភាពនៅទូទំាងប្រទេស ដោយមួកសុវត្ថិភាពនៅទូទំាងប្រទេសចំនួន៦,២៥០មួក នឹងត្រូវចែកជូនពលរដ្ឋតាមរយៈការឆ្លើយសំណួរ និងផាកពិន័យ។
បើតាមលោកស្រីប្រធាននាយកដ្ឋាន ក្នុងឆ្នាំ២០១៧ គណៈកម្មការសុវត្ថិភាពមានគម្រោងចែក មួកសុវត្ថិភាពឲ្យអស់២៦,២០០មួក ដែលរហូតមកដល់ពេលនេះ បានចែកដល់ពលរដ្ឋអស់ប្រមាណ២ម៉ឺនមួកហើយ ហើយនៅសល់ប៉ុន្មាននឹងធ្វើការចែកនៅដើមឆ្នាំ២០១៨បន្តទៀត តែការចែកនោះមិនធ្វើជាទ្រង់ទ្រាយធំទេ គឺផ្តល់ទៅតាមរាជធានី ខេត្ត ដែលក្រុមគោលដៅក្នុងការចែកជូនពលរដ្ឋ។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសព្រមៗគ្នាតែម្តង ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យចូលរួមពាក់មួកសុវត្ថិភាព ជាពិសេសនៅក្នុងអំឡុងពេលនៃ ពិធីបុណ្យឆ្លងឆ្នាំសកល ដែលឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
ផ្ទាំងពាក្យស្លោកអប់រំពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ជាច្រើន ត្រូវបានផ្សព្វផ្សាយនៅក្នុងយុទ្ធនាការនេះ មានដូចជាការបំផុសស្មារតីឲ្យគោរពច្បាប់ចរាចរណ៍ ពន្យល់ពីផលលំបាកកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ និងពីហានិភ័យនៃការបើកបរដោយមិនពាក់មួកសុវត្ថិភាពជាដើម។
មន្រ្តីនគរបាលចរាចរណ៍ត្រូវបានដាក់ពង្រាយនៅតាមដងវិថី ដើម្បីស្ទាក់ចាប់អ្នកបើកបរទោចក្រយានដែលមិនពាក់មួកសុវត្ថិភាពយកទៅអប់រំ និងឆ្លើយសំណួរផ្សេងៗ ដើម្បីទទួលបានមួកសុវត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឲ្យអ្នកបើកបរនោះផ្តិតមេដៃទទួលមួក និងមានបញ្ជាក់ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។
តាមរបាយការណ៍រយៈពេល១១ខែឆ្នាំ ២០១៧ របស់អនុគណៈកម្មការត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបង្ហាញថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣,២៣៤លើក បណ្តាលអោយស្លាប់ចំនួន១,៦១៧នាក់ និងរងរបួសចំនួន៥១០៧នាក់។ ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន គ្រោះថ្នាក់ថយចំនួន១០៤លើក ស្មើនឹង៣% ស្លាប់៎កើន៤១នាក់ ស្មើនឹង២.៦% របួសថយចុះ ៨៥៥នាក់ ស្មើនឹង១៤% បង្កើឡើងដោយល្មើសល្បឿនកំណត់ ៣៦% មិនគោរពសិទ្ធិ ១៧%, មិនប្រកាន់ស្តាំ ១៣%, វ៉ាជែង១១%, បត់មិនប្រយ័ត្ន១០%, ស្រវឹង១០%, កក្តាយានយន្ត៤%, និង ងងុយគេង១% ។ សំគាល់៖ អ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន៧៦% (៨៣% មិនពាក់មួក)។
សូមទស្សនារូបភាពនៃចែកជូនមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដែលដឹកនាំដោយថ្នាក់ដឹកនាំរាជធានី-ខេត្ត៖