(ភ្នំពេញ)៖ សំណុំរឿងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានតុលាការបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្តេចតេជោ ៤ពាន់លានរៀល ស្មើប្រមាណ ១លានដុល្លារ និងពិន័យចូលរដ្ឋប្រមាណ ១០លានរៀល។
ការប្រកាសបានធ្វើដោយលោក ហេង សុខណា ចៅក្រមជំនុំជម្រះនៅមុននេះបន្តិច។
សូមរំលឹកថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ១លានដុល្លារ ដើម្បីវាយប្រហារលើគណបក្សសង្រ្គោះជាតិ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងនេះ ដែលដឹកនាំដោយលោក ហេង សុខណា ចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ។
ក្រោយពីសវនាការលោក ហេង សុខណា ក៏បានប្រកាសសាលក្រមភ្លាមៗ ដោយបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្តេចតេជោ ៤ពាន់លានរៀល និងពិន័យចូលរដ្ឋ ១០លានរៀល។
សូមបញ្ជាក់ថា ក្រៅពីបណ្តឹងបរិហារកេរ្តិ៍នេះទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ហើយកំពុងរស់គេចខ្លួនពីសំណាញ់ច្បាប់នៅក្រៅប្រទេសនោះ ក៏កំពុងរុំស្រេះដោយការប្តឹងផ្តល់ជាច្រើនសំណុំរឿងទៀត៕