(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA កំពុងមានមហិច្ឆតាចង់បញ្ជូនយានមួយឲ្យទៅសិក្សាស្រាវជ្រាវ នៅភពអេលៀន (នៅក្រៅប្រព័ន្ធព្រះអាទិត្យ) ដើម្បីអបអរគម្រប់ខួប ១០០ឆ្នាំ នៃបេសកកម្ម Apollo 11 ដែលជាបេសកកម្មបញ្ជូនមនុស្សជាលើកដំបូងបំផុត ឲ្យទៅជាន់ដីឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Futurism នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
អង្គការ NASA កំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការរៀបចំគម្រោងដំណើរផ្សងព្រេង ទៅកាន់ភពអេលៀន (ដែលអាចមាននៅ Alpha Centauri ឬប្រព័ន្ធផ្សេងទៀត) ដើម្បីសាទរគម្រប់ខួប ១០០ឆ្នាំ នៃបេសកកម្ម Moon Landing លើកទីមួយរបស់ខ្លួន គឺ Apollo 11 ដោយក្រុមការងារតូចមួយ មកពីមន្ទីរពិសោធន៍ JPL របស់ NASA សង្ឃឹមថា នឹងអាចបញ្ជូនយានអវកាសមួយគ្រឿង ឲ្យទៅសិក្សាស្រាវជ្រាវនៅភពដ៏សែនឆ្ងាយមួយ ដើម្បីស្វែងរកសញ្ញានៃជីវិត ក្រៅពីភពផែនដី ក៏ដូចជាប្រព័ន្ធព្រះអាទិត្យរបស់យើង។
កាលពីឆ្នាំ២០១៦ កញ្ចប់ថវិកាមួយត្រូវបានអនុម័ត ដោយវាបានអំពាវនាវឲ្យអង្គការ NASA ធ្វើការរិះរកវិធីសាស្រ្ត សម្រាប់ការធ្វើដំណើរឆ្លងប្រព័ន្ធផ្កាយ ដែលអាចឈានដល់ល្បឿនយ៉ាងតិច ១០ភាគរយ នៃល្បឿនពន្លឺនៅឆ្នាំ២០៦៩ ហើយវាក៏បានស្នើឲ្យមានបេសកកម្មទៅកាន់ប្រព័ន្ធផ្កាយ Alpha Centauri ដែលនៅជិតយើងបំផុតផងដែរ។
ចំណុចសំខាន់៖ ក្នុងគម្រោងនេះ យានអវកាសមួយត្រូវគ្រោងនឹងបញ្ជូនទៅកាន់ភពអេលៀនមួយ ដែលត្រូវបានជ្រើសរើស ដើម្បីកំណត់ថាមានវត្តមាននៃជីវិត ក្នុងទម្រង់ណាមួយដែរ ឬយ៉ាងណា។ ប៉ុន្មានឆ្នាំកន្លងផុតទៅ ក្រោយការបាញ់បង្ហោះរបស់វា NASA នឹងបញ្ជូនតេឡេស្កូបអវកាសដ៏ធំមួយ ទៅក្នុងទីអវកាសដ៏សែនជ្រៅ ដើម្បីអាចឲ្យពួកយើងដែលស្ថិតនៅលើ ផែនដីអាចមើលឃើញភពអេលៀននោះ ដោយពេញភ្នែកបាន។
បច្ចុប្បន្ន មានការជជែកដេញដោលគ្នាមួយចំនួន ពាក់ព័ន្ធបញ្ហាថា តើ Alpha Centauri ឬក៏ប្រព័ន្ធផ្កាយផ្សេងទៀត នឹងត្រូវជ្រើសរើសដែរ ឬក៏អត់ ខណៈបេក្ខភាពមួយចំនួនទៀត ក៏កំពុងស្ថិតក្រោមការពិចារណាផងដែរ។ យ៉ាងណាមិញ មុនពេលដែលបេសកកម្មនេះ អាចលេចរូបរាងក្លាយជាការពិតបាន វានៅមានបញ្ហាប្រឈមជាច្រើនទៀត រួមមានការស្វែងរកមធ្យោបាយអភិវឌ្ឍន៍យាន ដែលមានសមត្ថភាព អាចធ្វើដំណើរក្នុងល្បឿនមួយភាគតូច នៃល្បឿនពន្លឺជាដើម៕