(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលខ្មែរគ្រប់និន្នាការនយោបាយបាន «ឈ្នះទាំងអស់គ្នា»។
សម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសមួយរូបប្រឹងប្រែងស្វែងរកសុខសន្តិភាពនៅកម្ពុជា បានគូសបញ្ជាក់លើទំព័រ Facebook ថា ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហមនោះ នៅបន្តគ្រប់គ្រងតំបន់មួយចំនួនដែលពួកគេកាន់កាប់ជាមួយគ្រឿងអាវុធយុទ្ធភ័ណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយខ្មែរក្រហមបានបន្តបង្កសកម្មភាពគ្រោះថ្នាក់ជាច្រើនដល់ប្រទេសជាតិ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេសផងដែរ។
បុរសដែលបានហែលឆ្លងក្នុងសមរភូមិសង្គ្រាមតាំងពីទសវត្សរ៍ឆ្នាំ៧០រូបនេះ បានថ្លែងបញ្ជាក់ថា «ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូលទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខ្ញុំបានសម្រេចដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់អាយុជីវិត និងកម្មសិទ្ធិនានារបស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។
គួរបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ ឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្របីចំណុចសំខាន់ៗក្នុងការធានាដល់សុវត្ថិភាពសម្រាប់កងទ័ពខ្មែរក្រហម៖ ១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ចំណាយទឹកប្រាក់អស់ប្រមាណ ២០០០លានដុល្លារតែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត ៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកងទ័ពខ្មែរក្រហមនាពេលកន្លងទៅពួកគេសុទ្ធបានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានយោបាយជួយឲ្យប្រទេសជាតិបញ្ចប់ភ្លើងសង្គ្រាមឆ្ពោះទៅរកការអភិវឌ្ឍ និងនាំឲ្យជីវិតរបស់ពួកគេបានកាន់តែប្រសើរផងដែរ៕