(ព្រះសីហនុ)៖ បុរសជនជាតិអូស្ដ្រាលីម្នាក់ បង្ខាំងស្ដ្រីជនជាតិខ្មែរ៥នាក់នៅក្នុងផ្ទះ ដោយបង្ខំឲ្យរួមភេទជាមួយទើបដោះលែង តែមិនបានសម្រេចក៏ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានទាន់ពេលនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះជួលស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យ Fresh News ដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលជំនាញរបស់លោក បានទទួលព័ត៌មានថា នៅផ្ទះជួលខាងលើមានករណីបង្ខាំងមនុស្ស។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយទទួលព័ត៌មានភ្លាមកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន ចុះទៅដល់ផ្ទះកើតហេតុ ដោយធ្វើការសម្របសម្រួល ដោយឲ្យជនសង្ស័យជាជនជាតិអូស្ត្រាលី ឲ្យចាក់សោរបើកទ្វារផ្ទះ តែជនសង្ស័យពុំព្រមតាមការស្នើសុំរបស់សមត្ថកិច្ចឡើយ។ រហូតដល់ម៉ោង០១៖៣០នាទី ឈានចូលថ្ងៃទី២៨ ខែធ្នូ ដោយមានការអនុញ្ញាតពីលោកស្រី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញ បានសម្រេចកាត់សោរផ្ទះ នាំខ្លួនជនសង្ស័យម្នាក់ និងជនរងគ្រោះ៥នាក់ ស្រី៤នាក់ ក្នុងនោះក្មេង២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ យូ គា អាយុ៣៨ឆ្នាំ បានអះអាងថា មិត្តប្រុសរបស់ខ្លួនជាជនជាតិអូស្ត្រាលី បានចាក់សោទ្វារផ្ទះបង្ខាំងរូបនាង ប្អូនស្រី កូន២នាក់ និងក្មួយស្រីរបស់នាងមិនឲ្យចេញពីផ្ទះ លុះត្រាតែប្អូនស្រី និងក្មួយស្រីរបស់នាងយល់ព្រមរួមភេទជាមួយជនសង្ស័យ ទើបបានចាក់សោរទ្វារផ្ទះបើកឲ្យចេញក្រៅ។
ដោយឡែកជនសង្ស័យឈ្មោះ KING JAMES BERNARD បានសារភាពថា ពិតជាបានចាក់សោរទ្វារផ្ទះមិនឲ្យជនរងគ្រោះខាងលើចេញពីផ្ទះ ដូចការចោទប្រកាន់ពីជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕