(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដោយទទូចឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ នាំឱ្យខូចផ្លូវនោះទេ។
ការលើកឡើងនេះ បានធ្វើឡើង ខណៈដែលរដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា លើកកម្រិតនិងថែទាំផ្លូវជាតិលេខ៧ ប្រវែង១០៧គ.ម. ទៅជាកម្រាល AC រវាងក្រសួងសាធារណកា និងដឹកជញ្ជូន និងក្រុមហ៊ុន Guangdong Provincial Changda Highway Engineering Co., Ltd ក្រោមឥណទានសម្បទាន ធនាគារពិភពលោកលេខ 5789-KH Road Asset Management Project II (RAMP-II) នៅរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសាធារណការ។
លោកបន្ថែមថា ក្រសួងសាធារណការ និងកម្លាំងសមត្ថកិច្ច ត្រូវបន្ដការងារចុះចាប់រថយន្តណា ដែលដឹកទំនិញលើសទម្ងន់។ ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា កម្លាំងសមត្ថកិច្ច មិនចង់ឃាត់រថយន្តឲ្យច្រើននោះទេ តែចង់ឲ្យប្រជាពលរដ្ឋគោរពច្បាប់ឲ្យបានត្រឹមត្រូវ កុំដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ ដើម្បីឲ្យគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ដើម្បីឲ្យផ្លូវជាប់បានយូរ អាស្រ័យលើកត្តាមួយចំនួន ដូចជា ១៖ត្រូវកសាងផ្លូវមានគុណភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ២៖ក្រុមហ៊ុនដឹកទំនិញ ត្រូវគោរពច្បាប់ចរាចរណ៍ កុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះការដឹកទម្ងន់ធ្វើផ្លូវឆាប់ខូច, ៣៖ផ្លូវត្រូវខ្ពស់ជាកន្លែងទឹកហូរ ព្រោះបើទឹកហូរលើផ្លូវ ក៏ធ្វើឲ្យផ្លូវឆាប់ខូចដែរ និងមានកត្តាជាច្រើនទៀត។
សូមបញ្ជាក់ថា នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ឲ្យក្រុមហ៊ុនចំនួន២ ប្រតិបត្តិការជួសជុលផ្លូវចំនួន២ខ្សែ មានប្រវែងសរុប ២១៨គីឡូម៉ែត្រ (កែពីកម្រាលកៅស៊ូប្រភេទ DEST ទៅជាកម្រាលប្រភេទ AC) ដែលប្រើប្រាស់ថវិកាចំនួន ២០លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពី ធនាគារពិភពលោក។ ផ្លូវដែលត្រូវជួសជុលទាំង២ខ្សែនោះ រួមមាន៖ ខ្សែទី១. កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវែង ១១១គីឡូម៉ែត្រ និងខ្សែទី២. កំណាត់ផ្លូវជាតិលេខ៧ តទៅផ្លូវជាតិលេខ៧៣ ចាប់ពីឃុំថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅព្រំប្រទល់ខេត្តក្រចេះ មានប្រវែងប្រវែង ១០៧គីឡូម៉ែត្រ សរុបទាំង២ខ្សែ ២១៨គីឡូម៉ែត្រ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមទៀតថា «ផ្លូវដែលយើងគ្រោងជួសជុល ដែលយើងនឹងចាប់ផ្ដើមនេះអស់ ២០លានដុល្លារសហរដ្ឋអាមេរិក នៅលើកញ្ចប់ ៦០លានដុល្លារសហរដ្ឋអាមេរិក»៕