(ភ្នំពេញ)៖ ថ្ងៃស្អែកនេះគឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ គឺជាខួប១៩ឆ្នាំ ថ្ងៃបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ ជាមួយនេះដែរ មិត្តអ្នកអានមួយរូបបានផ្ញើលិខិតឲ្យកាន់ការិយាល័យ Fresh News ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
* ថ្ងៃកំណើតទី១របស់យើងម្នាក់ៗគឺពេលចេញពីផ្ទៃម្តាយ...។ បន្ទាប់មកថ្ងៃ៧ មករា ១៩៧៩ យើងទាំងអស់គ្នា តែងបានកំណត់ថា ជាថ្ងៃកំណើតទី២ របស់យើងដែលត្រូវបានរំដោះខ្លួន ជីវិតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏ព្រៃផ្សៃនិងសាហាវយង់ឃ្នងគ្មានពីរក្នុងលោក។ ទន្ទឹមនេះ យើងក៏ឃើញថា សង្រ្គាមស៊ីវិលនៅមិនទាន់បានពន្លត់ទាំងស្រុង និងនៅតែមានបន្តការ បាត់បង់ជីវិត គ្រោះថ្នាក់ និងវិនាសកម្មមួយចំនួនថែមទៀត។
ពេលនោះមានព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យមេដឹកនាំខ្មែរក្រហម នួន ជា, ខៀវ សំផន, ចូលជួបដើម្បី អះអាងបញ្ជាក់អំពីការបញ្ចប់សកម្មភាពដោយកម្លាំងខ្មែរក្រហម ជ្រុលនិយមដែលនៅសេសសល់។ ថ្ងៃនោះហើយ ដែលយើងប្រាកដក្នុងចិត្តថា លែងមានការបារម្ភអំពីការវាយប្រហារ ការធ្វើសកម្មភាពដោយយោធា ឬក៏វិនាសកម្មផ្សេងៗទៀត នៅទូទាំងប្រទេស។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ សម្តេចតេជោហ៊ុន សែន ក៏បានបញ្ជាក់និងពន្យល់បន្ថែមពី អត្ថន័យនយោបាយឈ្នះ ឈ្នះដ៏ជាក់ច្បាស់ទៀតថា៖ «...ខ្ញុំក៏សូមលើកបង្ហាញថា ហេតុអ្វីបានជានាយករដ្ឋមន្រ្តី មានការចាំបាច់ទទួលមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះ? ខ្ញុំមានបំណងផ្ញើសារ ០៣យ៉ាង ជូនចេញទៅក្រៅ៖ ទី១-ជូនទៅអ្នកដែល នៅសេសសល់ឲ្យបញ្ឈប់ការប្រយុទ្ធទៅ ព្រោះមេដឹកនាំរបស់អ្នកបានចុះចូលដល់ ផ្ទះនាយករដ្ឋមន្រ្តីហើយ...។
ទី២៖ ចង់ជូនទៅប្រជាជនកម្ពុជា ដែលធុញទ្រាន់ជាមួយនឹងសង្រ្គាមយូរណាស់មកហើយថា សង្រ្គាមចប់ហើយ...។ ទី៣៖ ចង់ជូនដល់សហគមន៍អន្តរជាតិ សូមមកវិនិយោគ និងធ្វើទេសចរមកកម្ពុជា ព្រោះកម្ពុជាចប់សង្រ្គាមហើយ...»។
យើងពិតជាអាចទទួលស្គាល់ដ៏មុតមាំថា ថ្ងៃទី២៩ ខែធ្នូ ១៩៩៨នោះហើយ គឺជាថ្ងៃកំណើតទី៣មួយទៀត សម្រាប់ជីវិតរបស់យើង ដែលអាចទទួលបាន នូវសុខសន្តិភាពពេញលេញ ទៅណាក៏បានគ្រប់ទីកន្លែង ហើយអាចប្រមូលផ្ដុំអភិវឌ្ឃ និងកសាងស្រុកទេសដោយលែងបារម្ភនូវ ការប៉ះប្រយុទ្ធ ដោយគ្រាប់កាំភ្លើង ឬពួនស្ទាក់ឬសកម្មភាពនានាដែលប៉ះពាល់ដល់អាយុជីវិត។ យើងគប្បីផ្ដល់នូវតម្លៃដ៏ខ្ពង់ខ្ពស់ មិនអាចកាត់ថ្លៃបាននូវទិវានោះ ដែលអាចចាត់ទុកថា ថ្ងៃទី២៩ ខៃធ្នូ ឆ្នាំ១៩៩៨ ជាទិវានៃនយោបាយឈ្នះ ឈ្នះ ដោយទទួលបានសន្តិភាពពេញលេញ និងការអភិវឌ្ឍដែលមានតម្លៃធំធេងឥតឧបមា។
សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ តែងរំលឹកជាញឹកញយថា៖ «...យើងគប្បីខិតខំចងចាំរំលឹក និងកត់ត្រានូវប្រវត្តិការណ៍នានា ដែលបានមកដោយនយោបាយឈ្នះ ឈ្នះ គឺបានមកដោយថ្ងៃមួយនោះ ដែលជាការទន្ទឹងរង់ចាំជាយូរណាស់មកហើយ នូវការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងជាស្ថាពរក្នុងមាតុភូមិកម្ពុជានេះ...»។ ដូច្នេះសារៈសំខាន់នៃទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ ពិតជាមានអត្ថន័យជាប្រវត្តិសាស្រ្ត មិនត្រឹមតែសម្រាប់ប្រជាជាតិយើងទេ តែជាន័យរួមនៃសន្តិភាព ន័យរួមនៃការអភិវឌ្ឍ ដែលគប្បីខិតខំថែរក្សាការពារ ឱ្យបានដាច់ខាតដោយរៀនសូត្រ ឱ្យបានច្រើននូវព្រឹត្តិការណ៍ជាប្រវត្តិនានា ដែលជាមូលហេតុនាំឱ្យមានការប្រទូស្តរាយ ការបាក់បែកនៃសង្រ្គាម ដើម្បីទប់ស្កាត់កុំឱ្យមានជាថ្មីទៀត។
បើសិនជាយើងមិនបានយល់ច្បាស់នូវអត្ថន័យពិតប្រាកដនៃនយោបាយឈ្នះ ឈ្នះ និងអត្ថន័យពិតប្រាកដនៃទិវា២៩ ធ្នូ ១៩៩៨ ដែលចាត់ទុកថា កាលបរិច្ឆេទនៃនយោបាយឈ្នះ ឈ្នះ ប្រវត្តិសាស្រ្តអាចនឹងសារដាន អាចត្រឡប់មកវិញ។ ការជាន់ដាននៃប្រវត្តិសាស្រ្តនេះ អាចនឹងបង្ករនូវ មហន្តរាយដ៏ធ្ងន់ធ្ងរ ដល់ប្រជាជាតិយើងផងដែរ។
ប្រការដែលត្រូវខិតខំចងចាំនូវទិវានយោបាយឈ្នះ ឈ្នះ និងអត្ថន័យនៃនយោបាយឈ្នះឈ្នះនេះ ព្រោះយើងក៏ដឹងច្បាស់ដែរថា តាមជំនាន់នីមួយៗ គឺមានការឆ្លងកាត់រសជាតិខុសគ្នា នៃព្រឹត្តិការណ៍ជីវិត។ អ្នកជំនាន់មុន ដែលបានឆ្លងកាត់ជាច្រើន សោកនាដកម្ម និងជាជនរងគ្រោះ នៃព្រឹត្តិការណ៍ ដ៏អនោចអធម ដ៏គ្រោះថ្នាក់ អាចយល់ដឹងច្បាស់លាស់។ អ្នកដែលកើតក្រោយថ្ងៃ ៧ មករា ១៩៧៩ ពិតជាពុំអាចយល់អស់ពីព្រឹត្តិការណ៍៣ឆ្នាំ៨ខែ២០ថ្ងៃ និងព្រឹត្តិការណ៍មុនៗដោយផ្ទាល់ទេ។ ឯអ្នកដែលកើតក្រោយៗមកទៀតនាទស្សវត្សរ៍ឆ្នាំ១៩៩០ និងសហសវត្សរ៍ថ្មី ក្រោយឆ្នាំ២០០០ ក៏កាន់តែយល់ មិនអស់ច្បាស់ បន្ថែមទៀត នូវអ្វីដែលអ្នកមុនបានធ្លាប់ឆ្លងកាត់ដែរ ពិសេសដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ក្រៅអំពីការសិក្សារៀនសូត្រ ការកត់ត្រាអំពីអ្នកដែលបានឆ្លងកាត់ហើយតាមរយៈសាច់ញាតិគ្រួសារ សាច់សារលោហិតនិងប្រវត្តិសាស្រ្តនេះឯង។
ដូច្នេះតាមដំណាក់កាលនីមួយៗនេះ សម្រាប់អ្នកត្រូវបន្តវេនជំនាន់ក្រោយ ហើយអ្នកដែលមិនបានឆ្លងកាត់់អាចនឹងផ្ដល់ឱ្យទទួលបានយល់កាន់តែច្បាស់ នូវគុណតម្លៃដ៏ធំធេង និងដែលមិនអាចកាត់ថ្លៃបាននៃនយោបាយឈ្នះ ឈ្នះបន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩ផងដែរ។ ដូចនេះហើយទើបទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃកំណើតទី៣សម្រាប់ចងចាំ និងរំលឹកនិងការពារការអនុវត្តគោលនយោបាយឈ្នះ ឈ្នះក្នុងបរិបទថ្មីៗទៀត ដើម្បីធានាបាន នូវសុខសន្តិភាព កាអភិវឌ្ឍន៍ដ៏យូរអង្វែងតទៅមុខសម្រាប់ជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជាយើង៕